ឧត្តមសេនីយ៍ទោ សោម ស៊ុន៖ រណសិរ្ស ២ធ្នូ បានរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍសង្គមជាតិ នៅគ្រប់ដំណាក់កាល
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកំពង់ធំ បានថ្លែងថា រណសិរ្ស ២ធ្នូ ឆ្នាំ១៩៧៨ មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នាឲ្យចាកផុតពី គ្រោះមហន្តរាយនៃរបបប្រល័យពូជសាសន៍ប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកយ៉ាងធំធេង ជាមួយរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្នុងការស្តារ កសាង និងអភិវឌ្ឍន៍សង្គមជាតិនៅគ្រប់ដំណាក់កាល ធ្វើឲ្យមាតុភូមិកម្ពុជាប្រែមុខមាត់ថ្មី ជាបន្តបន្ទាប់។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ធ្វើឡើងក្នុងឱកាសចូលរួម អង្គមិទ្ទីញមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ១៩៧៨-២ធ្នូ២០២២) នៅទីរួមស្រុកស្ទោងខេត្តកំពង់ធំ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ដោយមានការចូលរួមពីគ្រប់វិស័យជិត១ពាន់នាក់។
ឧត្តមសេនីយ៍ទោ បានថ្លែងថា «ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ជាថ្ងៃគម្រប់ខួបលើកទី៤៤ (២ធ្នូ១៩៧៨-២ធ្នូ២០២២) ទិវាកំណើត រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បច្ចុប្បន្នត្រូវបានប្តូរឈ្មោះថា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា» ជាថ្ងៃប្រវត្តិសាស្ត្រ ដែលកម្លាំងអ្នកស្នេហាជាតិ មកពីគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស រួបរួមគ្នាក្រោកឈរធ្វើចលនាតស៊ូ ក្នុងគោលដៅរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ឱ្យរស់រានមានជីវិត ឡើងវិញ រួចផុតពីគ្រោះមហន្តរាយ និងការកាប់សម្លាប់ នៃរបបកម្ពុជាប្រជាធិបតេយ្យ របស់បនប្រល័យពូជ សាសន៍ប៉ុលពត។
រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នាឲ្យចាកផុត ពីគ្រោះមហន្តរាយនៃរបបប្រល័យពូជសាសន៍ប៉ុណ្ណោះទេ ប៉ុន្តែរណសិរ្ស២ធ្នូ ក៏បានរួមចំណែកយ៉ាងធំធេង ជាមួយរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្នុងការស្តារ កសាង និងអភិវឌ្ឍន៍សង្គមជាតិ គ្រប់ដំណាក់កាលធ្វើឲ្យមាតុភូមិ កម្ពុជាប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ រយៈពេល៤៤ឆ្នាំ កន្លងផុតទៅក៏ពិតមែន ប៉ុន្តែព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នៅតែស្ថិតក្នុងដួងចិត្ត និងការចងចាំ នៃប្រជាពលរដ្ឋខ្មែរគ្រប់រូប។
ផ្អែកលើមូលដ្ឋាននេះ ដែលធ្វើឲ្យប្រជាជនកម្ពុជា នៅយល់ដឹងយ៉ាងច្បាស់ថា រណសិរ្ស២ធ្នូ ជាបុព្វការីដ៏មានមហាគុណូបការៈ ចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា បច្ចុប្បន្នប្រជាជនកម្ពុជារស់នៅយ៉ាង សុខដុមរមនា ក្នុងសន្ដិភាពសេរីភាព និងសន្តិសុខដ៏ប្រសើរ ហើយកំពុងតែរួមសាមគ្គីគ្នាឈានទៅមុខ លើមាគ៌ា នៃការអភិវឌ្ឍន៍ ដោយផ្អែកលើមូលដ្ឋាននៃសមិទ្ធផលទាំងឡាយ ដែលសម្រេចបាន ពិសេសបានពង្រឹងនូវមូលដ្ឋានគ្រឹះ សម្រាប់បន្តការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីករបស់ប្រជាជន។
ឧត្តមសេនីយ៍ទោ សោម ស៊ុនបានបន្ដថា រាជរដ្ឋភិបាលកម្ពុជា អាណត្តិទី៦ នីតិកាលទី៦ របស់រដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បាននឹងកំពុងបន្ត អនុវត្តយ៉ាងសកម្ម នូវយុទ្ធសាស្ត្រចតុកោណនៃគោលនយោបាយ សេដ្ឋកិច្ចសង្គមរបស់ខ្លួន។
រាជរដ្ឋាភិបាលបានបង្ហាញឆន្ទៈដ៏ប្តូរផ្តាច់ និងសកម្មភាពប្រកបដោយផ្លែផ្កា ក្នុងការអនុវត្តន៍រាល់កំណែទម្រង់ដ៏ទូលំទូលាយ និងស៊ីជម្រៅទាំងឡាយដែលកាន់តែពង្រីក បាននូវលក្ខណៈសម្បត្តិអនុគ្រោះថែមទៀត ដល់ការអភិវឌ្ឍន៍លើគ្រប់វិស័យ៕