រយៈពេល២០ឆ្នាំ សាលាប៉ូលឌុយប្រ៊ូលបានបណ្ដុះបណ្ដាលសិស្សជិត៥ពាន់នាក់ សម្រាប់ផ្គត់ផ្គង់ទីផ្សារការងារនៅកម្ពុជា
ភ្នំពេញ៖ ក្នុងរយៈពេល២០ឆ្នាំ (២០០២-២០២២) សាលាសណ្ឋាគារនិងទេសចរណ៍ប៉ូលឌុយប្រ៊ូល ដែលជាសាលាដ៏ល្បីមួយនៅខេត្តសៀមរាប បានចូលរួមជួយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ដល់សិស្សប្រមាណជិត៥ពាននាក់ សម្រាប់ផ្គត់ផ្គង់ទីផ្សារការងារក្នុងវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធនៅខេត្តសៀមរាប ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា។
សាលាសណ្ឋាគារនិងទេសចរណ៍ប៉ូលឌុយប្រ៊ូលបានប្រារព្ធខួបអនុស្សាវរីយ៍២០ឆ្នាំរបស់ខ្លួន នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក ប៉ូល ឌុយប្រ៊ូល ជាស្ថាបនិកសាលានេះផ្ទាល់។
នាឱកាសនោះ លោក ប៉ូល ឌុយប្រ៊ូល និងលោក ហ្វ្រង់ស្វ័រ ស្នូបេលែន នាយកសាលាសណ្ឋាគារនិងទេសចរណ៍ប៉ូលឌុយប្រ៊ូល បានលើកឡើងថា «សាលាបានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ជូនដល់យុវជននិងយុវនារីខ្មែរចាប់តាំងពីឆ្នាំ២០០២ ដែលគិតមកដល់ឆ្នាំ២០២២នេះ គឺមានចំនួនសរុប៤,៩៥៥នាក់»។
លោកនាយកសាលាបានបន្តថា ការបណ្ដុះបណ្ដាលគឺផ្ដោតលើជំនាញ៖
* ជំនាញវិជ្ជាជីវៈបដិសណ្ឋារកិច្ច និងទេសចរណ៍ (ក្របខណ្ឌគុណវុឌ្ឍិអាស៊ាន) ចំនួន៣,៦៩៧នាក់ (ស្រីចំនួន១,៥៥៣នាក់)។
* ជំនាញគ្រប់គ្រងបដិសណ្ឋារកិច្ច ចំនួន៤៩នាក់ (ស្រីចំនួន១៦នាក់)។
* ជំនាញមគ្គុទ្ទេសក៍ទេសចរណ៍ ចំនួន៨៩២នាក់ (ស្រីចំនួន១៤៦នាក់)។
* ជំនាញផ្នែកបដិសណ្ឋារកិច្ច សេវាកម្មសណ្ឋាគារសម្រាប់ពលករទេសន្តរប្រវេសន៍ ចំនួន១៣០នាក់ (ស្រីចំនួន៨៣នាក់) ដោយសិស្សមិនចាំបាច់បង់វិភាគទាន ថែមទាំងទទួលបានថ្លៃស្នាក់នៅ និងអាហារ។
* សិស្សកំពុងសិក្សាចំនួន១៨៧នាក់ (ស្រីចំនួន១២៥នាក់)។
បើតាមលោក ហ្វ្រង់ស្វ័រ ស្នូបេលែន បច្ចុប្បន្នអតីតសិស្សិសាលាប៉ូលឌុយប្រ៊ូលប្រមាណជាង៨០%កំពុងបម្រើការងារនៅក្នុងវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធផ្សេងៗ ដែលមុនពេលមានជំងឺរាតត្បាតកូវីដ-១៩ ពួកគេប្រមាណជាង៩០%បានបម្រើការងារដោយផ្ទាល់នៅក្នុងវិស័យទេសចរណ៍។
លោក ប៉ូល ឌុយប្រ៊ូល បានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនប្រមាណជាង៩លានដុល្លារអាមេរិក និងធ្វើសកម្មភាពរៃអង្គាសផ្សេងៗពីមិត្តភក្តិ និងសហការីរួមអាជីពរបស់លោកបានប្រមាណជាង៦លានដុល្លារអាមេរិក ដែលសរុបមានតម្លៃជាង១៥លានដុល្លារអាមេរិក ក្នុងការកសាងនូវសាលាសណ្ឋាគារនិងទេសចរណ៍ប៉ូលឌុយប្រ៊ូលទាំងមូល និងហេដ្ឋារចនាសម្ពន្ធផ្សេងៗទាំងអស់របស់សាលា ព្រមទាំងផ្គត់ផ្គង់ទាំងស្រុងនូវដំណើរការបណ្តុះបណ្តាលដល់សិស្សក្នុងរយៈពេល២០ឆ្នាំមកនេះ។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានកោតសរសើរចំពោះកិច្ចខិតខំរបស់លោក ប៉ូល ឌុយប្រ៊ូល និងគណៈគ្រប់គ្រងសាលា។ លោកថា សាលាសណ្ឋាគារនិងទេសចរណ៍ប៉ូលឌុយប្រ៊ូល ជាសាលាដំបូងគេបង្អស់ និងឈានមុខគេក្នុងតំបន់អាស៊ាន ដែលបានចូលរួមផ្ដល់ការបណ្ដុះបណ្ដាលតាមស្តង់ដាអាស៊ានបានយ៉ាងមានប្រសិទ្ធភាព ហើយសិស្សរាប់ពាន់នាក់បានបញ្ចប់ការសិក្សាជាមួយនឹងសញ្ញាបត្រដែលទទួលស្គាល់ដោយអាស៊ាន ក្នុងក្របខណ្ឌនៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN – MRA TP)។
ឯកឧត្ដម ពេជ សោភ័ន ក៏បានឱ្យដឹងដែរថា ថ្មីៗនេះសាលាសណ្ឋាគារនិងទេសចរណ៍ប៉ូលឌុយប្រ៊ូលទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ ពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការរៀបចំនូវប្រព័ន្ធបណ្តុះបណ្តាលតាមអនឡាញ (Blended Learning) ពីអង្គការអន្តរជាតិខាងការងារ (ILO)។
លោកស្រី ម៉នងី រង្សី អភិបាលរងខេត្តសៀមរាប ក៏បានលើកទឹកចិត្តដល់សកម្មភាពបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនក្នុងខេត្តផងដែរ ដោយលោកស្រីបានលើកឡើងថា ការចូលរួមជួយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ដល់សិស្សប្រមាណជិត៥ពាននាក់នេះ គឺបានចូលរួមផ្គត់ផ្គង់ទីផ្សារការងារក្នុងវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធនៅខេត្តសៀមរាប ក៏ដូចជានៅទូទាំងប្រទេសកម្ពុជាផងដែរ។
ជាមួយគ្នានោះ តំណាងអតីតសិស្សទាំង១០ជំនាន់ (១ជំនាន់រៀន២ឆ្នាំ) បានឡើងបង្ហាញចំណាប់អារម្មណ៍ចំពោះការសិក្សានៅសាលាសណ្ឋាគារនិងទេសចរណ៍ប៉ូលឌុយប្រ៊ូល រហូតទទួលបានចំណេះជំនាញយកទៅប្រកបការងារនិងមុខរបរប្រកបដោយមោទនភាព។ ពួកគេបានសម្ដែងនូវការដឹងគុណចំពោះលោក ប៉ូល ឌុយប្រ៊ូល និងគណៈគ្រប់គ្រងសាលា ដែលបានជួយឱ្យពួកគេមានភាពល្អប្រសើរមកដល់ថ្ងៃនេះ ខណៈដែលសិស្ស/អតីតសិស្សដែលសិក្សានៅសាលា ព្រមទាំងគណៈអធិបតីនាឱកាសនោះសុទ្ធតែមានការកោតសរសើរ និងបានចាត់ទុកផ្លែផ្កាសមិទ្ធផលដែលសាលាបានដាំដុះបណ្ដុះបណ្ដាលនេះ គឺជាគំរូដ៏ចម្បងសម្រាប់សាលាបណ្ដុះបណ្ដាលដទៃនៅប្រទេសកម្ពុជា៕