លោកជំទាវ កុយ សុដានី ដឹកនាំកិច្ចប្រជុំពិភាក្សាចរចាបញ្ចប់វិវាទ កិច្ចសន្យាជាមួយក្រុមហ៊ុនសាងសង់ TSO SA លើកិច្ចសន្យាស្ដារផ្លូវដែកទិសខាងជើង និងការបំពេញកាតព្វកិច្ចសារពើពន្ធរបស់ក្រុមហ៊ុន
ភ្នំពេញ៖ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីជំរុញការងារចរចាបញ្ចប់វិវាទកិច្ចសន្យាជាមួយក្រុមហ៊ុនសាងសង់ TSO SA លើកិច្ចសន្យាស្ដារផ្លូវដែកទិសខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) និងការបំពេញកាតព្វកិច្ចសារពើពន្ធរបស់ក្រុមហ៊ុន ដោយមានការចូលរួមពីមន្ត្រីជំនាញក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាច្រើនរូបផងដែរ។
ឆ្លងកាត់ការពិនិត្យលើសាវតារបស់គម្រោងស្ដារផ្លូវដែកទិសខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ដែលអនុវត្តការសាងសង់ដោយក្រុមហ៊ុន TSO SA អង្គប្រជុំបានបន្តពិនិត្យពិភាក្សា និងផ្លាស់ប្ដូរយោបល់លើកិច្ចព្រមព្រៀងដោះស្រាយកាតព្វកិច្ចសារពើពន្ធ និងវិវាទកិច្ចសន្យាដែលផ្ដល់ជូនដោយក្រុមហ៊ុន TSO SA ហើយជាលទ្ធផល អង្គប្រជុំបានសម្រេចស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុញ្ញាតទទួលកាតព្វកិច្ចសារពើពន្ធ និងសំណងកិច្ចសន្យាពីក្រុមហ៊ុនផ្ទាល់ជាកញ្ចប់ ដើម្បីបញ្ចប់បញ្ហាក្នុងកិច្ចសន្យាគម្រោងនេះ៕