ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី២ រវាងក្រសួងការបរទេសកម្ពុជា និងក្រសួងការបរទេស និងកិច្ចការអឺរ៉ុប
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី២ រវាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋស្លូវ៉ាគី នៅទីក្រុងប្រ្លាទីស្លាវ៉ា។
កិច្ចប្រជុំពិគ្រោះយោបល់នេះ ដឹកនាំដោយសហប្រធាន ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ចែម វីឌ្យ៉ា និងលោកជំទាវ រដ្ឋលេខាធិការ អ៊ីនហ្គ្រីត ប្រូកខូវ៉ា។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំ ភាគីទាំងពីរបានពិនិត្យ និងតាមដានលើទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងបានដាក់ចេញនូវយន្តការសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត ដើម្បីលើកកម្ពស់ទំនាក់ទំនងនៅលើវិស័យសក្តានុពលដែលជាប្រយោជន៍រួម សម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនទាំងពីរ។
លោកជំទាវរដ្ឋលេខាធិការ បានរៀបចំទទួលអាហារការងារថ្ងៃត្រង់ ជូនគណៈប្រតិភូកម្ពុជា ដែលក្នុងពេលនោះភាគីទាំងពីរបានផ្លាស់ប្តូរយោបល់យ៉ាងទូលំទូលាយលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការចាប់អារម្មណ៍ និងកង្វល់រួម ៕