ក្រសួងបរិស្ថាន រៀបចំពិធីសំណេះសំណាល អបអរសាទរខួបលើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា ២ធ្នូ
ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅថ្ងៃ៣ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំពិធីសំណេះសំណាល អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ «ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា ២ធ្នូ ១៩៧៨-២ធ្នូ ២០២២» ក្រោមអធិបតីភាព ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន និងជាអនុប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាក្រសួងបរិស្ថាន ។
បន្ទាប់ពី អង្គពិធីបានស្តាប់សុន្ទរកថា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាអនុប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឯកឧត្តម ផៃ ប៊ុនឈឿន បានចែករំលែកនូវបទពិសោធន៍ក្នុងនាមជាប្រជាជនកម្ពុជាមួយរូប ដែលបានឆ្លងកាត់សង្រ្គាម គំនរផេះផង់នៃសង្រ្គាម និងថ្លុកឈាម រហូតក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើអោយកម្ពុជា មានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍសង្គម និង សេដ្ឋកិច្ច ។
នៅក្នុងឱកាសនោះ ឯកឧត្តម បានចែករំលែកនូវ តថភាពសង្គមចំនួន ៦ចំនុច និងបានសង្កត់ធ្ងន់ថា «ទោះក្នុងតំលៃណាក៏ដោយ យើងត្រូវតែរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ថែរក្សានូវសុខសន្តិភាព អោយខានតែបាន ដែលជាសសរកន្លោង រក្សាបាននូវអាយុជីវិត សិទ្ធសេរីភាព ប្រជាពលរដ្ឋ និង ការអភិវឌ្ឍ ជាតិ »៕