ឯកឧត្ដម ហ៊ុន ម៉ានី រំលឹកអំពីប្រវត្ដិ និងការលះបង់របស់ប្រធានទី១ នៃសហភាពសហព័ន្ធយុវជនកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកនូវរឿងរ៉ាវចំនួន៣ចំណុច ដែលជាការលះបង់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលជាប្រធានទី១ របស់សហភាពសហព័ន្ធយុវជនកម្ពុជា។
ទី១/ ឯកឧត្ដម បានបង្ហាញពីគំរូវីរៈជន និងយុវជនគំរូមួយរូបសម្រាប់កម្ពុជា ដែលមានជីវិតតស៊ូដើម្បីសម្រេចបានជោគជ័យ ដោយរំលេចថា [បើកូនកសិករម្នាក់ អាចខិតខំប្រឹងប្រែងដោយសមត្ថភាពខ្លួន ឯងរហូតដល់ក្លាយជានាយករដ្ឋមន្រ្តី សូមឲ្យសមាជិក សមាជិកាទាំងអស់ ខិតខំប្រឹងប្រែង ពុះពាដើម្បីសម្រេចក្ដីស្រម៉ៃ តាមគំរូវារៈភាពរបស់ប្រធានទី១ នៃស.ស.យ.ក.]។
ទី២/ ការងារដឹកនាំដែលជាគំរូ. ក្នុងន័យនេះ ឯកឧត្ដមក៏ចង់បង្ហាញថា ការរដឹកនាំត្រូវមានចក្ខុវិស័យដ៏វែងឆ្ងាយ និងការងារចាត់ចែងឲ្យបានត្រឹមត្រូវគ្រប់កាលៈទេសៈ ជាពិសេសការសម្រេចយ៉ាងលំបាកដើម្បីស្វែងរកសុខសន្តិភាព និងជាតិមាតុភូមិ។
ទី៣/ អ្វីដែលឯកឧត្ដម ហ៊ុន ម៉ានី ចង់បង្ហាញនោះគឺ ជំនឿទុកចិត្ត ដែលសំដៅទៅលើការជឿទុកចិត្តចំពោះលោកប្រធានទី១ ដែលតែងឈរក្នុងភាពរឹងមាំ នៅពេលប្រទេសជាតិជួបទុកលំបាក។
ទន្ទឹមនឹងការលើកឡើងពីប្រវត្តិរបស់លោកប្រធានទី១ លោកក៏បានបន្ថែមថា ក្នុងនាមគ្រួសារ ស.ស.យ.ក. និងប្រជាជនកម្ពុជា សូមប្ដេជ្ញាគាំទ្ររាជរដ្ឋាភិបាល ក្នុងការងារការពារសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីធ្វើយ៉ាងណាមិនឲ្យអតីតកាលដែលកម្ពុជាធ្លាប់មានភាពចលាចល និងអាណាធិបតេយ្យដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនជាដាច់ខាត។ ផ្អែកលើចំណុចនេះអាចធ្វើឲ្យយើងទាំងអស់គ្នារៀនសូត្របានថា ទុកលំបាករបស់ប្រជាពលរដ្ឋ ជាទុកលំបាករបស់យើង ភាពសំបូរសប្បាយរបស់ប្រជាពលរដ្ឋ គឺជាកាតព្វកិច្ច និងភារកិច្ចរបស់យើងទាំងអស់គ្នា។
សូមបញ្ជាក់ថា ការប្រគុំតន្រ្តីអបអរសាទរខួបលើកទី៤៤ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នារាត្រីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ នៅវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ។។