ឯកឧត្ដម ហ៊ុន ម៉ានី បើកការដ្ឋានសាងសង់ផ្លូវកៅស៊ូ DBST ក្នុងឃុំអមលាំង ស្រុកថ្ពង
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ ព្រមទាំងឯក ឧត្ដម លោកជំទាវជាសមាជិកព្រឹទ្ធសភា និងរដ្ឋសភាប្រចាំភូមិភាគ និងមណ្ឌលខេត្តកំពង់ស្ពឺ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូ ប្រវែង១៥.៥គីឡូម៉ែត្រ ស្ថិតក្នុងភូមិតាំងហោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
អមដំណើរគណៈអធិបតីនាឱកាសនោះរួមមាន ឯកឧត្ដម យឹម សុខុម ប្រធានក្រុមប្រឹក្សាភិបាល. ឯកឧត្ដម វ៉ី សំណាង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ. លោក លោកស្រី ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត ស្រុក មន្ត្រីរាជការ និងប្រជាពលរដ្ឋប្រមាណ៩០០ នាក់។
ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម វ៉ី សំណាង បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលតែងតែគិតគូរពីប្រជាពលរដ្ឋ និងបានខិតខំកសាងសមិទ្ធផលនានា ជូនដល់ប្រជាជន។ ការសាងសងផ្លូវប្រភេទ DBST នេះ គឺជាកិច្ចខិតខំប្រឹងប្រែងថ្មីមួយទៀតរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋក្នុងខេត្ត ដែលបានចូលរួមអភិវឌ្ឍន៍សមិទ្ធផលថ្មីៗប្រកបដោយការទទួលខុសត្រូវខ្ពស់។ ឯកឧត្ដមបានគូសបញ្ជាក់បន្ថែមថា តាមរយៈសមិទ្ធផលទាំងឡាយខាងលើនេះ យើងមិនអាចបំភ្លេចបាននូវតម្លៃនៃសន្តិភាព។
តាងនាមប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ឯកឧត្ដម ហ៊ុន ម៉ានី សូមចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ និយាយជារួម និយាយដោយឡែកជាមួយប្រជាពលរដ្ឋថ្ពង ជាពិសេសអ្នកឃុំអមលាំងតែម្តង ដែលទទួលបាននូវសមិទ្ធផលថ្មីបន្ថែមទៀត ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅទីនេះផ្ទាល់ តាមរយៈការសម្រួលដល់ការធ្វើដំណើរ ឬប្រកបកិច្ចការផ្សេងៗ ជួយកាត់បន្ថយនូវការចំណាយ និងបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។
សូមជម្រាបជូនថា គម្រោងសាងសង់ផ្លូវ DBST គឺជាឥណទានថ្នាក់ក្រោមជាតិ សម្រាប់រដ្ឋបាលខេត្តកំពង់ស្ពឺ ត្រូវបានអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ និងមានប្រវែង ១៥.៥គីឡូម៉ែត្រ និងទទឹង ៦ម៉ែត្រ ប្រើប្រាស់ថវិកាសរុបចំនួន ៣៥ពាន់លានរៀល ស្មើនឹងប្រមាណ៨.៧៥លានដុល្លារ។។