មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារយោធាសន្តិសុខ សប្តាហ៍ទី១ ខែធ្នូ ឆ្នាំ២០២២
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារយោធាសន្តិសុខ សប្តាហ៍ទី១ ខែធ្នូ ឆ្នាំ២០២២ ដែលមានការអញ្ជើញចូលរួមពី មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយ នាយរងការិយាល័យចំណុះទាំង១៩ នាយកសាលាពលទាហានទី៥ នាយករងមន្ទីរពេទ្យយោធភូមិភាគទី៥ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងបាត់ដំបង មេបញ្ជាការ តំបន់អភិវឌ្ឍន៍ យោធភូមិភាគទី៥ មេបញ្ជាការវរសេនាតូច និងមេបញ្ជាការកងអនុសេនាធំចំណុះយោធភូមិភាគទី៥។
ឯកឧត្តម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ មានប្រសាសន៍បូកសរុបវាយតម្លៃ និងកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់បណ្តាជំនាញ និងអង្គភាពចំណុះ ដែលសម្រេចបានការងារល្អប្រសើរ ក្នុងសប្តាហ៍កន្លងមកនេះ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានបញ្ជាក់ថា ត្រូវបន្តយកចិត្តទុកដាក់អនុវត្តភារកិច្ចដើម្បីទទួលបានលទ្ធផលល្អ ត្រៀមប្រមូលផ្ដុំបូកសរុបការងារឆ្នាំ២០២២ បន្តការងារឆ្នាំ២០២៣ ត្រៀមលក្ខណទាំងកម្លាំង និងសម្ភារ បច្ចេកទេស ចុះជួយសង្រ្គោះប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ បន្តជំរុញការងារអប់រំចិត្តសាស្រ្ត បន្តហ្វឹកហ្វឺនប្រចាំសប្តាហ៍ដល់ នាយទាហាន នាយទាហានរង ពលទាហាន និង បន្តប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ដោយបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន៕