ឯកឧត្តម ហ៊ុន ម៉ានី សម្ដែងការសោកស្តាយជាខ្លាំង ដែលក្រុមអគតិទុច្ចរិតមួយចំនួនបង្ហោះសារថា ស.ស.យ.ក រៀបចំបញ្ជីរាយនាមសមាជិក ដែលត្រូវប្រឡងបាក់ឌុប ផ្ញើរទៅក្រសួងអប់រំ
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហោះសារហួសចិត្ត សម្តែងការភ្ញាក់ផ្អើល និងសោកស្តាយចំពោះក្រុមអគតិទុច្ចរិតមួយចំនួន បង្ហោះសារថា ស.ស.យ.ក រៀបចំបញ្ជីរាយនាមសមាជិក ដែលត្រូវប្រឡងបាក់ឌុប ផ្ញើរទៅក្រសួងអប់រំ។
តាមរយៈហ្វេសប៊ុក ឯកឧត្តម ហ៊ុន ម៉ានី បានឲ្យដឹងយ៉ាងដូច្នេះថា “ ខ្ញុំមានការភ្ញាក់ផ្អើល ហើយមានការសោកស្តាយជាខ្លាំង ដែលមានបុគ្គល ក៏ដូចជាក្រុមអគតិ ទុច្ចរិតមួយចំនួន ដែលបង្ហោះសារថា ស.ស.យ.ក បានរៀបចំ បញ្ជីរាយនាមសមាជិក សមាជិកា ស.ស.យ.ក ដែលត្រូវប្រឡងបាក់ឌុប ផ្ញើរទៅក្រសួងអប់រំ យុវជន និងកីឡា។
ផ្អែកលើព័ត៌មាននេះ ខ្ញុំសូមប្រកាសបដិសេធយ៉ាងដាច់អហង្ការ ថា មិនមានករណីបែបនេះ កើតឡើងនោះទេ ផ្ទុយទៅវិញ ស.ស.យ.ក តែងតែចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយវិស័យអប់រំ។ ជាពិសេស តាំងពីឆ្នាំ ២០១៤ ស.ស.យ.ក បានចូលរួមសង្កេតការណ៍ការប្រឡងបាក់ឌុប ដើម្បីធ្វើយ៉ាងណា ឲ្យការប្រឡងប្រព្រឹត្តទៅដោយជោគជ័យ យុត្តិធម៌ ទទួលយកបាន ដោយផ្អែកលើទិសស្លោក “ អ្នកចេះគឺជាប់” ។
ក្នុងនាមជាប្រធានស.ស.យ.ក និងជាពលរដ្ឋមួយរូប ខ្ញុំក៏ចង់ឃើញការរៀបចំការប្រឡងបាក់ឌុបមួយ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាពខ្ពស់ ហើយខ្ញុំ ក៏សូមបញ្ជាក់ជាថ្មី ជូនអាណាព្យាបាល សិស្សានុសិស្សគ្រប់រូបថា យើងខ្ញុំមិនធ្វើសកម្មភាពណាមួយដូចការចោទប្រកាន់នោះទេ ហើយ យើងខ្ញុំនឹងទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនមានការប្រព្រឹត្តខុសឆ្គងណាមួយទៅលើច្បាប់ និងលិខិតបទដ្ឋាននានា ពាក់ព័ន្ធការប្រឡងបាក់ឌុប” ៕