សម្ដេចក្រឡាហោម ស ខេង អញ្ជើញអមដំណើរ សម្តេចតេជោ ហ៊ុន សែន ចូលគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ជាំង ជីមីន អតីតប្រធានាធិបតីចិន
ភ្នំពេញ៖ នារសៀថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ រួមទាំងសមាជិកគណៈរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញអមដំណើរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ជាំង ជីមីន អតីតប្រធានាធិបតីចិន ដែលបានទទួលមរណភាព កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ក្នុងជន្មាយុ៩៦ឆ្នាំ នៅស្ថានទូតចិន ប្រចាំប្រទេសកម្ពុជា។
ក្នុងពេលចូលគោរពវិញ្ញាណក្ខន្ធ សម្តេចតេជោ ហ៊ុន សែន បានសរសេរសាររំលែកទុក្ខនៅក្នុងសៀវភៅក្រាំងមាស ដោយលើកឡើងថា មរណភាពរបស់ ឯកឧត្តម អតីតប្រធានាធិបតី គឺជាការបាត់បង់ដ៏ធំធេងនូវរដ្ឋបុរសដ៏អស្ចារ្យរបស់ចិន ដែលបានលះបង់ពេលវេលាពេញមួយជីវិតរបស់ ឯកឧត្តម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនចិន និងវិបុលភាពនៃប្រទេសចិន។ ភាពជាអ្នកដឹកនាំដ៏ប៉ិនប្រសព្វរបស់ឯកឧត្តម អតីតប្រធានាធិបតីចិន មិនត្រឹមតែផ្តល់គំរូវីរភាពដល់ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវការគោរពស្រលាញ់ពីប្រជាជននៅលើសកលលោកផងដែរ។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន សូមចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះគ្រួសារអតីតប្រធានាធិបតី ជាំង ជីមិន រដ្ឋាភិបាល និងប្រជាជនចិន ក្នុងឱកាសដ៏ក្រៀមក្រំនេះ។ សម្ដេចតេជោ ក៏បានជឿជាក់យ៉ាងមុតមាំនូវកិត្យានុភាពរបស់ឯកឧត្តមអតីតប្រធានាធិបតី នឹងនូវតែចងចាំ និងគោរពស្រលាញ់ជារៀងរហូត៕