ឯកឧត្ដមជា វ៉ាន់ដេត ទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតឆែក ប្រចាំក្រកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ បានទទួលជួបសម្តែង ការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមឯកអគ្គរដ្ឋទូតបានជម្រាបជូនគោលបំណងនៃ ជំនួបនេះគឺដើម្បីពិភាក្សា ស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងសាធារណរដ្ឋឆែក និងព្រះរាជាណាចក្រកម្ពុជា ជាពិសេសទាក់ទងនឹងវិស័យសន្តិសុខសាយប័រ និងការរៀបចំសិក្ខាសាលារួមគ្នា ដោយផ្តោតលើប្រធានបទជុំវិញវិស័យសន្តិសុខសាយប័រនេះ នាពេលខាងមុខ។
ជាការឆ្លើយតប ឯកឧត្ដមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត Martin Vavra ហើយបានគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមក្នុងការរៀបចំសិក្ខាសាលា រួមគ្នានេះ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្ត្រី បានជម្រាបជូនបន្ថែមដល់ ឯកឧត្តមឯកអគ្គរដ្ឋទូត អំពីសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសាយប័រ សេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មបច្ចេកវិទ្យាព័ត៌មាន សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង និងរាជរដ្ឋាភិបាលក្នុងគោលដៅរក្សា សន្តិសុខក្នុងប្រព័ន្ធសាយប័រជូនដល់សង្គមជាតិកម្ពុជា។
ឯកឧត្ដមរដ្ឋមន្ត្រី បានស្នើដល់រដ្ឋាភិបាលនៃសាធារណរដ្ឋឆែកតាមរយៈឯកឧត្តម Martin Vavra ក្នុងការផ្តល់អាហារូបករណ៍លើជំនាញសន្តិសុខសាយប័រ ដើម្បីជួយជំរុញនិងបំពេញបន្ថែមដល់ ធនធានមនុស្សរបស់កម្ពុជាក្នុងវិស័យនេះ ហើយឯកឧត្ដមរដ្ឋមន្ត្រីក៏បានជំរុញ និងលើកទឹកចិត្តឱ្យមាន ការវិនិយោគពីក្រុមហ៊ុនឆែកមកកម្ពុជាបន្ថែមទៀត ជាពិសេសលើវិស័យសន្តិសុខសាយប័រ៕