ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយរបស់ មេទ័ពជើងគោក និងលោកជំទាវ ឧបត្ថម្ភដល់ពលរដ្ឋដែលត្រូវភ្លើងឆេះផ្ទះ ក្នុងក្រុងកំពង់ឆ្នាំង
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំក្រុមការងារមនុស្សធម៌ និងក្រុមការងារយោធិននារីរបស់អង្គភាព សហការជាមួយអាជ្ញាធរមូលដ្ឋាន ដោយមានការចូលរួមពី លោក ហ៊ីង ភ័ព្វមិនា អភិបាល នៃគណៈអភិបាលក្រុងកំពង់ឆ្នាំង អញ្ជើញនាំយកអង្ករចំនួន ៥០០គីឡូក្រាម ស៊ីម៉ង់ត៍ ១៥០០គីឡូក្រាម(៣០បេ) ស័ង្កសី ៣០០សន្លឹក មី ១០កេះ ទឹកត្រី ១០យួរ ទឹកស៊ីអ៉ីវ ១០យួរ ត្រីខ ១០យួរ មុង១០ ជែលលាងដៃ ២០ដប រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋចំនួន ១០គ្រួសារ ដែលត្រូវអគ្គិភ័យឆេះផ្ទះអស់ទាំងស្រុង នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នៅយប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ។
ស្ថិតក្នុងឱកាសនេះ លោកមេបញ្ជាការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ចូលរួមសោកស្តាយជាទីបំផុតរបស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ចំពោះការបាត់បង់ផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋទាំង១០គ្រួសារនាពេលនេះ ។ ឯកឧត្តម មេបញ្ជាការ បានបន្តថា ឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ កន្លែងណាដែលមានប្រជាពលរដ្ឋជួបការលំបាក កន្លែងនោះតែងមាន ឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ ។
លោកមេបញ្ជាការ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ទៅថ្ងៃមុខត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះភ្លើងផ្សែង ដូចពាក្យចាស់ពោលថា “ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ” ។
ជាចុងបញ្ចប់គ្រួសាររងគ្រោះទាំង១០គ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ ឯកឧត្តម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ព្រមទាំងក្រុមការងារ និងសូមជូនពរ ឯកឧត្ដម លោកជំទាវ និងក្រុមការងារ សូមប្រកបបានសុខភាពល្អបរិបូណ៌ ជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕