ឯកឧត្ដម ឃួង ស្រេង៖ ១១ខែ នៅភ្នំពេញ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ៩០៣លើក បណ្ដាលឲ្យមនុស្សស្លាប់ ២៦១នាក់ និងរបួសជាង ១ពាន់នាក់
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានអនុគណៈកម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានធ្វើរបាយការណ៍សង្ខេប ស្ដីពី គ្រោះថ្នាក់ចរាចរណ៍នៅរាជធានីភ្នំពេញគោរពជូន សម្ដេចក្រឡាហោម ស ខេង ថា រយៈពេល ១១ខែ ឆ្នាំ២០២២ កន្លងទៅនេះ សភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ នូវតែមានសភាពធ្ងន់ធ្ងរមានការកើនឡើងគួរឱ្យព្រួយបារម្ភ ក្នុងនោះរាជធានីភ្នំពេញ មានការកើតឡើងករណីគ្រោះថ្នាក់សរុបចំនួន ៩០៣លើក បើប្រៀធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ គ្រោះថ្នាក់មានចំនួនត្រឹមតែ៧៤១លើកប៉ុណ្ណោះ ដូច្នេះកំណើនគ្រោះថ្នាក់ គឺកើនឡើង ១៦២លើក ស្មើនឹង ២២ភាគរយ បណ្ដាលឱ្យមនុស្សស្លាប់ ចំនួន ២៦១នាក់ កើនឡើង ៩នាក់ រងរបួសធ្ងន់ ៨៩៦នាក់ កើនឡើង ២២១នាក់ រងរបួសស្រាល ២២៩នាក់ កើនឡើង ៤២នាក់ ខូចខាតរថយន្ដ ម៉ូតូ និងយានយន្ដផ្សេងៗទៀតចំនួន ១.៦៤៦គ្រឿង និងបណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិជាច្រើនថែមទៀតផងដែរ។
ក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៧ នាថ្ងៃទី៧ ធ្នូនេះ ឯកឧត្តម ប្រធានអនុគណៈកម្មការ បានបន្ថែមទៀតថា ឆ្លើយតបទៅនឹងសភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ និងដើម្បីជំរុញការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានបន្តយកចិត្តទុកដាក់អនុវត្តនូវវិធានការចំនួន៣ រួមមាន៖ ទី១-វិធានការអប់រំផ្សព្វផ្សាយ ទី២-វិធានការរដ្ឋបាល និងទី៣-វិធានការច្បាប់ ដែលវិធានការទាំង៣នេះ បានដើរទន្ទឹមគ្នាទៅនឹងកិច្ចខិតខំប្រឹងប្រែងបង្កើនសមត្ថភាព និងការគិតគូរអំពីប្រព័ន្ធគមនាគមន៍ក្នុងទីក្រុង ព្រមទាំង ពង្រីកវិសាលភាពនៃការផ្តល់សេវាដឹកជញ្ជូនសាធារណៈ តាមរយៈរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) ឱ្យកាន់តែប្រសើរឡើង ៕