អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមទស្សនាការប្រកួតបាល់ទាត់លក្ខណៈមិត្តភាព ដើម្បីលើកស្ទួយវិស័យកីឡាក្នុងខេត្ត
ភ្នំពេញ៖ ឯឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចូលរួមទស្សនាការប្រកួតបាល់ទាត់មិត្តភាព រវាងក្រុមភូមិព្រែកខ្ចាយ និងក្រុមដងពិឃាត នៅបរិវេណទីលានបាល់ទាត់ ដងកាំបិត ស្ថិតនៅភូមិ ដងកាំបិត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការអបអរសាទរ និងមានមោទកភាពយ៉ាងខ្លាំង ចំពោះការរីកចម្រើនផ្នែកវិស័យកីឡាបាល់ទាត់នៅក្នុងខេត្តត្បូងឃ្មុំ ចំពោះការរីកចម្រើនទាំងផ្នែកស្មារតី និងបច្ចេកទេសក្នុងការលេងទម្រង់បាល់ប្រយុទ្ធ ហើយឯកឧត្តមក៏សង្ឃឹមជឿជាក់ថា វិស័យកីឡាប្រភេទនេះនិងមានការរីកចំរើនកាន់តែខ្លាំង ហើយថ្ងៃនេះពុំមែនជាពានរង្វាន់អាជីប ប៉ុន្តែបានបង្ហាញឱ្យឃើញពីការចូលរួមកាន់តែច្រើនឡើងៗពីសំណាក់ក្រុមដែលបានដាក់ពាក្យចូលរួមប្រកួត ហើយសន្ទុះនៃអ្នកគាំទ្រ ក៏ដូចជាសមត្ថភាពរបស់ក្រុមនីមួយៗត្រូវបានមើលឃើញថាវិវត្តន៍កាន់តែខ្លាំងឡើង។
ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្តឱ្យមានការចូលរួមកាន់តែច្រើនឡើងបន្ថែមទៀត ទាំងក្រុមត្រូវប្រកួត ទាំងអ្នកគាំទ្រ ដើម្បីជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបំផុសចលនាសាមគ្គីភាព ចំណងមិត្តភាព របស់យុវជនទូទាំងប្រទេស ជាពិសេសគឺជម្រុញយុវជនគ្រប់រូប ឱ្យងាកមកគាំទ្រកីឡា ចូលរួមហាត់កីឡា ដើម្បីសុខភាព និងចៀសឱ្យឆ្ងាយពីគ្រៀងញៀន ក៏ដូចជាអំពើអបាយមុខផ្សេងៗ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានប្រគល់ថវិកាដល់ក្រុមបាលទាត់ចំនួន៤ក្រុមប្រកួតថ្ងៃក្នុងមួយក្រុមៗទទួលបាន ៥០០,០០០រៀល បាល់ចនួន០៨គ្រាប់ ជួនគណៈកម្មការប្រកួត១,០០០,០០០រៀល រួមនិងសម្ភារៈមួយចំនួនទៀត៕