ប្រគល់ផ្ទះថ្មី៣ខ្នង ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងងាយរងគ្រោះចំនួន ៣គ្រួសារ រស់នៅស្រុកកំពង់ស្វាយ
ភ្នំពេញ៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ នៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំពិធីប្រគល់-ទទួលផ្ទះថ្មីចំនួន ៣ខ្នង ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងងាយរងគ្រោះបំផុតចំនួន ៣គ្រួសារ រស់នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់ជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតជាបន្តបន្ទាប់ និងជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋដូចភ្លៀងរលឹម។
ទន្ទឹមនឹងនេះ លោកជំទាវ បានពាំនាំការអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវ បន្តប្រឹងប្រែងប្រកបរបរបង្កបង្កើនផល ដាំដំណាំសុវត្ថិភាពគ្រួសារ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ ដូចពាក្យចាស់ថា «រពឹសដៃផ្ទៃឆ្អែត» ហើយត្រូវលើកកម្ពស់ការរក្សាអនាម័យ ពិសាទឹកដាំឆ្អិន និងសូមរស់នៅក្នុងផ្ទះថ្មីដោយក្តីសុខដុមរមនាក្រោមម្លប់នៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសព្វថ្ងៃនេះ។
សូមបញ្ជាក់ថា ផ្ទះនីមួយៗ មានទំហំ ៤ម៉ែត្រ គុណនឹង ៦ម៉ែត្រ, ក្រាលការ៉ូ, ជញ្ជាំងក្តារ និងស័ង្កសី, ដំបូលប្រក់ស័ង្កសី ដែលចំណាយថវិកាតម្លៃ ១១.៥៥០.០០០រៀល ត្រូវបានផ្តល់ជូនគ្រួសារទី១ ផ្ទះលេខរៀងទី៩៧ ឈ្មោះ យ៉ែម ថន អាយុ ៥៧ឆ្នាំ ស្ត្រីមេម៉ាយចិញ្ចឹមចៅកំព្រា ២នាក់ក្នុងបន្ទុក។ គ្រួសារទី២រងគ្រោះដោយខ្យល់កន្ត្រាក់ ផ្ទះលេខរៀងទី១០០ ជូនលោកយាយ តឹង ងុន អាយុ ៧០ឆ្នាំ មានកូន ៤នាក់ (កូនស្រីម្នាក់មានសតិមិនគ្រប់)។ គ្រួសារទី៣ រងគ្រោះដោយខ្យល់កន្ត្រាក់ ផ្ទះលេខរៀងទី១០២ ជូនលោកយាយ អ៊ុង ចាម អាយុ ៧២ឆ្នាំ រស់នៅពីរនាក់បងប្អូន។
ជាមួយគ្នានេះ អំណោយផ្តល់ជូនម្ចាស់ផ្ទះនីមួយៗរួមមាន ៖ អង្ករ ៥០គីឡូក្រាម, មី ២កេស, ត្រីខ ២០កំប៉ុង, ទឹកត្រី ២យួរ, ទឹកស៊ីអ៊ីវ ២យួរ, ទឹកផ្លែឈើ ១កេស, សម្ភារចានឆ្នាំង ១ឈុត, ឃីត (សារុង ក្រមា មុង ភួយ) ១កញ្ចប់, កន្ទេល ១, ធុងចម្រោះទឹក ១ និងថវិកាមួយចំនួន៕