កងទ័ពមួកខៀវកម្ពុជា ២កង បានធ្វើមាតុភូមិនិវត្តន៍វិញ ក្រោយបញ្ចប់បេសកកម្ម UN នៅប្រទេសម៉ាលី
ភ្នំពេញ៖ កងកម្លាំងមួកខៀវកម្ពុជាចំនួន២កង គឺកងកម្លាំងវិស្វកម្មព្រលានយន្តហោះ និងកងកម្ទេចគ្រឿងមិនទាន់ផ្ទុះ (EOD) ដែលជាកងទ័ពទី៩របស់កម្ពុជា នៅប្រទេសម៉ាលី បានវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌រក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ប្រកបដោយជោគជ័យ។
ពិធីទទួលកងកម្លាំងវិស្វកម្មព្រលានយន្តហោះ និងកងកម្ទេចគ្រឿងមិនទាន់ផ្ទុះ (EOD) ត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ក្រោយត្រឡប់មកដល់ព្រលានយន្តហោះភ្លាមកងកម្លាំងទាំងអស់ ត្រូវមន្ត្រីក្រសួងសុខាភិបាលធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ និងធ្វើតេស្តរកមេរោគជំងឺគ្រុនចាញ់ មុននឹងអនុញ្ញាតឱ្យជួបក្រុមគ្រួសារដែលទៅទទួល។
ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រធានគណៈកម្មាធិការជាតិ កងកម្លាំងវិស្វកម្មព្រលានយន្តហោះ និងកងកម្ទេចគ្រឿងមិនទាន់ផ្ទុះ ដែលទើបបញ្ចប់បេសកកម្មស្វែងរកសន្តិភាព នៅក្នុងប្រទេសដែលហួងហែងដោយសារតែភ្លើងសង្គ្រោម ដែលបានលះបង់គ្រប់បែបយ៉ា ដើម្បីលើកស្ទួយកិត្តិយសកម្ពុជា នៅលើឆាកអន្តរជាតិជាដើម។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា កងទាំង២ខាងលើនេះ គឺបានចូលរួមអនុវត្តបំពេញភារកិច្ចប្រកបដោយផ្លែផ្កា ទទួលបានជោគជ័យដ៏ត្រចេះត្រចង់ ព្រមជាមួយនឹងលទ្ធផលគួរជាទីមោទនៈថ្មីៗបន្ថែមទៀត។
កងកម្ទេចគ្រាប់មិនទាន់ផ្ទុះនិងកងវិស្វកម្មព្រលានយន្តហោះ បានបំពេញការងារមិនខ្លាចនឿយហត់ ក្រោមព្យុះខ្សាច់សាហារ៉ា អាកាសធាតុក្តៅហួតហែង ដែលមានសីតុណ្ហភាពរហូតដល់៥៣អង្សាសេ។
កងកម្លាំងកម្ទេចគ្រាប់មិនទាន់ផ្ទុះ បានបោះទីតាំងឈរជើងចំនួន៣ទីតាំង នៅទីក្រុង GAO, MOPTI និង TIMBUTU មានចំនួន១៤៤នាក់ ក្នុងនោះមាននារី១១នាក់ ដោយធ្វើការបោសសម្អាតមីន កម្ទេចគ្រាប់មិនទាន់ផ្ទុះ ដោះបន្សាបគ្រឿងផ្ទុះ និងគ្រាប់កែច្នៃ។ ចំពោះកងកម្លាំងវិស្វកម្មព្រលានយន្តហោះ បោះទីតាំងឈរជើងនៅក្រុងគីដាល់ និងតេសាលីត ដែលមានកម្លាំងចំនួន១៥៤នាក់ ក្នុងនោះកម្លាំងនារីចំនួន១៥នាក់ គឺធ្វើការ ថែទាំព្រលានយន្តហោះ និងការងារស្ថាបនា ជួសជុលជាច្រើនទៀតផងដែរ។
គិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ចំនួន៨៤៧៥នាក់ ទៅបំពេញបេសកកម្ម មនុស្សធម៌ ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល សាយប្រឺស និងយ៉េមែន។ បច្ចុប្បន្នកម្ពុជាមានកម្លាំងកងទ័ពមួកខៀវជាង ៨០០នាក់ បាននឹងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ស៊ូដង់ខាងត្បូង ម៉ាលី លីបង់ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕