ស្ត្រីមានផ្ទៃពោះ ស្ត្រីកូនតូច និងអ្នកផ្ទុកមេរោគអេដស៍ ១១គ្រួសារ ទទួលបានការអប់រំថែទាំសុខភាព និងអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ
ភ្នំពេញ៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ និងសហការី រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២២ បានជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីទេីបសម្រាលកូនតូចចំនួន ១០នាក់ នៅមណ្ឌលសុខភាពកំពង់ស្វាយ ដែលស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លេីយតបមេរោគអេដស៍ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដេីម្បីសុខភាពស្ត្រីនិងកុមារ ដែលផ្តាំផ្ញេីសួរសុខទុក្ខ និងសារអប់រំសុខភាពស្តីពីអត្ថប្រយោជន៍នៃការមកពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ ការសម្រាលកូននៅមណ្ឌលសុខភាព ការបំបៅកូនដោយទឹកដោះម្តាយ ការចាក់វ៉ាក់សាំងបង្ការដល់កុមារ ការផ្តល់អាហារគ្រប់គ្រឿងដល់កុមារជាដេីម។
ជាមួយគ្នានេះ លោកជំទាវ ក៏បានផ្តាំផ្ញេីដល់ស្ត្រីជាមាតាទាំងអស់ត្រូវរស់នៅមានអនាម័យ ផឹកទឹកឆ្អិន បរិភោគអាហារមានជីវភាពគ្រប់គ្រាន់ និងបន្តប្រកបរបរចិញ្ចឹមជីវិតដេីម្បីជីវភាពគ្រួសារ។
បន្ថែមពីសារអប់រំសុខភាពខាងលេីនេះ ស្ត្រីជាមាតាទាំង១០គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ដោយគ្រួសារនីមួយៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៉ីវ ១យួរ, ទឹកត្រី ១យួរ, ឃីតសម្រាប់មាតា-ទារក ១កញ្ចប់ និងថវិកា ៥ម៉ឺនរៀល។
បន្ទាប់ពីកម្មវិធីខាងលេីនេះ ក្រុមការងារកាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ដល់គ្រួសារផ្ទុកមេរោគអេដស៍ ១គ្រួសារ រស់នៅភូមិឥន្ទកុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ផងដែរ៕