មន្ត្រីជំនាញ ប.ស.ស ចូលរួមសិក្ខាសាលាភាពជាដៃគូសកលលើកទី១ ស្តីពី “សោធនសាធារណៈក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក”
ភ្នំពេញ៖ ក្រោមការចាត់តាំងពីសំណាក់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកបេឡាជាតិសន្តិសុខសង្គម នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គមនៃ ប.ស.ស. បានដឹកនាំ មន្ត្រី និងបុគ្គលិកជំនាញនៃនាយកដ្ឋានតាវកាលិកសន្តិសុខសង្គម ដោយមានការសម្របសម្រួលពីនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ ចូលរួមសិក្ខាសាលាភាពជាដៃគូសកលលើកទី១ស្តីពី “សោធនសាធារណៈក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក” របស់អង្គភាពសោធនជាតិ (NPS) នៃសាធារណរដ្ឋកូរ៉េ តាមរយៈប្រព័ន្ធអនឡាញ (Zoom Meeting)។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បី ចែករំលែកនូវនិន្នាការគោលនយោបាយសុខុមាលភាពសង្គម ការពង្រីកការគ្របដណ្តប់ផ្នែកប្រាក់សោធន និងពិភាក្សាអំពីទិសដៅអភិវឌ្ឍន៍របបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដែលបានចែករំលែកដោយប្រទេសចំនួន ៣ នៅក្នុងតំបន់អាស៊ី រួមមាន៖ ប្រទេសនេប៉ាល់ ប្រទេសម៉ាឡេស៊ី និងប្រទេសឥណ្ឌូនេស៊ី។
ក្នុងសិក្ខាសាលានេះដែរ លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គមនៃ ប.ស.ស. ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អង្គភាពសោធនជាតិ (NPS) នៃសាធារណរដ្ឋកូរ៉េ ដែលបានអញ្ជើញមន្រ្តីជំនាញ ប.ស.ស. ចូលរួមក្នុងសិក្ខាសាលានេះ ដែលអាចចូលរួមចំណែកក្នុងការពង្រឹងសមត្ថភាពបច្ចេកទេសរបស់មន្រ្តីជំនាញបន្ថែមទៀតផងដែរ។
សូមបញ្ជាក់ផងដែរថា៖ សិក្ខាសាលាខាងលើនេះ ត្រូវបានរៀបចំឡើងដោយអង្គភាពសោធនជាតិ (NPS) នៃសាធារណរដ្ឋកូរ៉េ និងមានការចូលរួមពីបេឡាជាតិសន្តិសុខសង្គម កម្ពុជា ស្ថាប័នសន្តិសុខសង្គមក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក និងស្ថាប័នពាក់ព័ន្ធនានាជាច្រើនទៀតផងដែរ៕