សន្តិបណ្ឌិត នេត សាវឿន ចាត់តំណាងចុះដោះស្រាយ សំណើសុំអគារសិក្សា ១ខ្នង នៅវិទ្យាល័យ ហ៊ុន សែន ពានរោង
ភ្នំពេញ៖ ដោយមានការស្នើសុំពីគណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន ពានរោង នូវអគារសិក្សាចំនួន ១ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ១២បន្ទប់ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សា និងសមិទ្ធផលនានា នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងដោយពិនិត្យឃើញពីភាពចាំបាច់អំពីការខ្វះខាតនូវអគារសិក្សាដោយសារកំណើនសិស្សពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងជាបន្តបន្ទាប់។
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច បានចាត់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុឡេង អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច ចុះជួបសំណេះសំណាលជាមួយ លោកនាយក លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន ពានរោង ស្រុកស្វាយអន្ទរ និងដោះស្រាយសំណើសំណូមពរសុំអគារសិក្សាចំនួន ១ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ១២បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច។
លោកស្រីប្រធានការិយាល័យអប់រំស្រុកស្វាយអន្ទរ បានធ្វើរបាយការណ៍ជូនអង្គពិធីថា មូលហេតុដែលវិទ្យាល័យ ហ៊ុន សែន ពានរោង មានកន្វះខាតនូវអគារសិក្សាដោយសារក្នុងមួយឆ្នាំៗមានកំណើនសិស្សប្រមាណ ២០០ ទៅ៣០០នាក់ ពិសេសសិស្សដែលរស់នៅតាមបណ្តាឃុំ ជាប់នឹងឃុំពានរោង ក៏មកសិក្សានៅវិទ្យាល័យនេះផងដែរ។
លោកស្រីបន្តថា ស្រុកស្វាយអន្ទរ មានគ្រឹះស្ថានសិក្សាចំនួន ៦៦កន្លែង ក្នុងនោះមាន វិទ្យាល័យ ចំនួន ៣, អនុវិទ្យាល័យ ៩, បឋមសិក្សា ៥១ និងមត្តេយ្យ ចំនួន ៣ ដែលមានអគារសរុបចំនួន ១៩១ខ្នង ស្មើនឹង ៧៩៥បន្ទប់ ថ្នាក់ ៦៦៥ថ្នាក់ សិស្សសរុបចំនួន ២២៨៩៥នាក់ ស្រី ១០១១០នាក់។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុឡេង បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ជូនដល់គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន ពានរោង និងបានលើកឡើងពីសុខសន្តិភាព ការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និយាយជាមរួម និងនិយាយដោយឡែក ស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច ហេដ្ឋារចនាសម្ព័ន្ធ ប្រឡាយ ផ្លូវ ថ្នល់ វត្តអារាម សាលារៀន មន្ទីរពេទ្យ និងវិស័យផ្សេងៗក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុឡេង បានគូសបញ្ជាក់ថា សាលារៀន គឺជាថ្នាលបណ្ដុះបណ្ដាលធនធានមនុស្សដ៏សំខាន់ក្នុងការអភិវឌ្ឍន៍សង្គមជាតិឲ្យមានការរីកចម្រើន។ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានរួមគ្នាបំពេញសេវាសាធារណៈ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ធ្វើឱ្យប្រជាពលរដ្ឋពេញចិត្ត និងទុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល៕