ក្រុមគ្រូពេទ្យនៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឧបត្ថម្ភស្បៀងអាហារ ជូនគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដើម្បីសកម្មភាពមនុស្សធម៌
ភ្នំពេញ៖ ដោយឃើញពីសកម្មភាពមមាញឹក ក្នុងសកម្មភាពមនុស្សធម៌របស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងនិងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ក្នុងសកម្មភាពជួយដោះស្រាយនូវរាល់ការលំបាក ជូនអតីតយុទ្ធជន និងប្រជាជន ដែលមានជីវភាពលំបាកខ្វះខាតនៅក្នុងខេត្តកំពង់ធំ ។
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ក្រុមគ្រូពេទ្យនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរួមគ្នាជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងភេសជ្ជៈមួយចំនួន ជូនដល់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីបន្តសកម្មភាពមនុស្សធម៌ ។
លោកវរសេនីយ៍ត្រី លី ស៊ីណា នាយផ្នែកគិលានដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងរាយការណ៍អំពីទឹកចិត្តមនុស្សធម៌ដោយស្មោះស្ម័គ្ររបស់ក្រុមគ្រូពេទ្យ ក្នុងការរួមចំណែកជាមួយមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងការជួយដោះស្រាយដល់ការលំបាកខ្វះខាតរបស់អតីតយុទ្ធជននិងប្រជាជននៅក្នុងខេត្តកំពង់ធំ នៅពេលនេះរួមមានមីជាតិចំនួន៥០កេស ទឹកត្រីចំនួន ១០០យួរ និងទឹកពិសារបរិសុទ្ធវីតាល់ចំនួន១០កេស ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរដោយស្មោះចំពោះក្រុមគ្រូពេទ្យនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កន្លងមកបានបំពេញភារកិច្ចក្នុងការងារមនុស្សធម៌ជាច្រើន ក្នុងនោះបានរួមចំណែកចាក់វ៉ាក់សាំងជូនកងទ័ពគ្រួសារកងទ័ព អតីតយុទ្ធជន និងប្រជាជន បានជាច្រើនម៉ឺននាក់ទាំងនៅក្នុងខេត្តកំពង់ធំនិងនៅក្នុងខេត្តសៀមរាប។
ជាមួយនោះដែរក្រុមគ្រូពេទ្យនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំយើង ក៏បានចុះជួយព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននានា ពិសេសនៅឃុំបន្ទាយស្ទោង ស្រុកស្ទោងខេត្តកំពង់ធំ នាពេលថ្មីៗកន្លងមកនេះ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះទឹកចិត្តសប្បុរសធម៌របស់ក្រុមគ្រូពេទ្យ ដែលបានជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគ សម្រាប់ការងារមនុស្សធម៌ នៅពេលនេះ និងបានប្ដេជ្ញាចិត្តនាំយកនូវស្បៀងអាហារ ដែលបានជួយឧបត្ថម្ភនេះ ទៅដោះស្រាយជូនបងប្អូនអតីតយុទ្ធជននិងប្រជាជន ដែលមានជីវភាពលំបាកខ្វះខាតពិតប្រាកដនៅតាមមូលដ្ឋាននានា និងសូមជូនពរលោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ ប្រការកុំបីឃ្លៀងទៀតឡើយ៕