នាយករដ្ឋមន្ត្រី ផ្ដល់អនុសាសន៍គន្លឹះ ៨ចំណុច ដើម្បីរួមចំណែកគ្រប់គ្រង និងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា ប្រកបដោយនិរន្តរភាព ប្រសិទ្ធភាព និងការទទួលខុស
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់អនុសាសន៍គន្លឹះសំខាន់ៗ ៨ចំណុច ដើម្បីចូលរួមដល់កិច្ចពិភាក្សា ក្នុងអង្គមហាសន្និបាតលើកទី ១៦នេះ ក៏ដូចជារួមចំណែក ដល់ការគ្រប់គ្រង និង អភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា ប្រកបដោយនិរន្តរភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវ ។
អនុសាសន៍គន្លឹះសំខាន់ៗ ទាំង៨ចំណុច មានដូចខាងក្រោម៖
ទី១៖ ត្រូវរក្សាវត្តមានជាអចិន្ត្រៃយ៍នៃសន្តិភាព ដែលនេះជាចំណុចធំជាងគេក្នុងចំណោម ចំណុចដែលទាក់ទងជាមួយការអភិវឌ្ឍនៃបណ្តាប្រជាជាតិនៅលើសាកលលោក ។ គ្មាន ទេសចរណា ប្រថុយប្រថានគ្រោះថ្នាក់ ធ្វើដំណើរទៅកាន់ប្រទេសដែលមានសង្គ្រាម នោះទេ ។
ទី២៖ កម្ពុជា ប្ដេជ្ញារក្សាឱ្យបាននូវសមាជិកភាពក្នុងក្លឹប ហើយខេត្តតំបន់ឆ្នេរសមុទ្ររបស់ កម្ពុជាទាំង ៤ ក៏ត្រូវរក្សាឱ្យបាននូវខ្សែក្រវាត់ និង កិត្តិនាមជាសមាជិកក្លឹបឆ្នេរសមុទ ដែលស្អាតបំផុតលើសកលលោក ។ យើងត្រូវប្តេជ្ញាធ្វើឱ្យទីក្រុងជាប់ឆ្នេរសមុទ្ររបស់ យើងមាននិរន្តរភាព ដូចដែលយើងបានកំណត់ជាយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍវិស័យ ទេសចរណ៍ខេត្តតំបន់ឆ្នេរ គឺ៖
– ខេត្តព្រះសីហនុ៖ ជា «គោលដៅទេសចរណ៍សម្រាកលម្ភៃ និង ជាតំបន់សេដ្ឋកិច្ច ពហុបំណង»,
– ខេត្តកែប៖ ជា «គោលដៅទីក្រុងទេសចរណ៍លំដាប់ខ្ពស់ និង ប្រណិត”,
– ខេត្តកំពត៖ ជា «គោលដៅទីក្រុងទេសចរណ៍បេតិកភណ្ឌវប្បធម៌ និងកសិ-ទេសចរណ៍ តំបន់ឆ្នេរ», និង
– ខេត្តកោះកុង៖ ជា «គោលដៅអេកូទេសចរណ៍តំបន់ទេសចរណ៍លំដាប់ពិភពលោក» ។
ទី៣៖ ខ្ញុំស្នើឱ្យមានការរៀបចំវេទិកាជាតិតំបន់ឆ្នេរប្រចាំឆ្នាំ ដើម្បីជួបជុំ, ពិភាក្សា និង ផ្លាស់ប្តូរ យោបល់ជុំវិញការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដោយយើងអាចកំណត់ថ្ងៃទី ២៦ ខែ ឧសភា ជារៀងរាល់ឆ្នាំ ដែលជាថ្ងៃកម្ពុជាបានក្លាយជាសមាជិកក្លឹប ដើម្បីរៀបចំវេទិកា ជាតិនេះ ដោយអាចឆ្លាស់វេនគ្នានៅតាមបណ្តាខេត្តតំបន់ឆ្នេរទាំង ៤ ។
ទី៤៖ ខ្ញុំសូមស្នើឱ្យក្រសួងទេសចរណ៍ និង អាជ្ញាធរខេត្តព្រះសីហនុ ពិនិត្យលទ្ធភាពរៀបចំ សារៈមន្ទីរឆ្នេរ (Maison de le Baie) ។ ក្នុងន័យនេះ, ខ្ញុំសូមស្នើឱ្យ ឯកឧត្តមប្រធាន ក្លឹប និង សមាជិកក្លឹបទាំងអស់ ជួយចែករំលែកអំពីបទពិសោធ និង ដំណើរការនៃការ- រៀបចំសារៈមន្ទីរឆ្នេររបស់ខ្លួន ។
ទី៥៖ ខ្ញុំសូមស្នើឱ្យក្រសួងទេសចរណ៍ សហការជាមួយក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើ សកលលោក សិក្សារៀបចំឱ្យមាននូវ ស្ថាប័នអង្កេតទេសចរណ៍សម្រាប់ឆ្នេរ (Coastal Tourism Observatory) ដើម្បីជាយន្តការស្ថាប័នមួយបន្ថែមទៀត ក្នុងការជំរុញ ការអភិវឌ្ឍវិស័យទេសចរណ៍តំបន់ឆ្នេរសមុទ្រ ដូចដែលសមាជិកក្លឹបផ្សេងទៀតបាន រៀបចំ ។
ទី៦៖ ដើម្បីបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ, កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការធ្វើជាលេខាធិការដ្ឋានសម្រាប់ធានាដំណើរការរដ្ឋបាល និង កិច្ចការទូទៅរបស់ ក្លឹប ហើយក្រសួងទេសចរណ៍ និង រដ្ឋបាលខេត្តព្រះសីហនុ ត្រូវរៀបចំឱ្យមានកន្លែង បំពេញការងារជាអចិន្ត្រៃយ៍មួយនៅក្រសួងទេសចរណ៍ និង មួយទៀតនៅក្រុងព្រះ- សីហនុសម្រាប់ដំណើរការលេខាធិការដ្ឋាននេះ ។ ទន្ទឹមនឹងនេះ, ខ្ញុំក៏ស្វាគមន៍ផងដែរ ចំពោះការរៀបចំឱ្យមានកិច្ចប្រជុំក្រុមប្រឹក្សាភិបាលក្លឹប នៅឆ្នាំ ២០២៣ ឬ ពេលខាងមុខ ណាមួយ រួមជាមួយព្រឹត្តិការណ៍ផ្សេងៗទៀតរបស់ក្លឹបនៅលើទឹកដីឆ្នេរសមុទ្រកម្ពុជា ។
ទី៧៖ ជាមួយនឹងការបោះឆ្នោតជ្រើសរើសគណៈប្រតិបត្តិសម្រាប់អាណត្តិបន្ទាប់ នាឱកាស បិទមហាសន្និបាតកម្ពុជាសូមគាំទ្រចំពោះបេក្ខភាព ឯកឧត្តម ប៊ូណូ បូដាដ (Bruno Bodard) ជាប្រធានក្លឹបសម្រាប់អាណត្តិបន្ទាប់ និង សូមឱ្យគណៈប្រតិបត្តិ និង សមាជិកក្លឹបទាំងអស់ គាំទ្រកម្ពុជាជាសមាជិកក្រុមប្រឹក្សាភិបាលក្លឹប សម្រាប់អាណត្តិ (២០២៣-២០២៥) ក្រោមការដឹកនាំរបស់ ឯកឧត្ដម ល្វីស ធីបុល (Louis Thébault) ដែលនឹងចូលកាន់តំណែងនាអាណត្តិបន្ទាប់ ។
ទី៨៖ ជាមួយក្តីរំពឹងថា អង្គមហាសន្និបាតនឹងអនុម័តដាក់ចេញនូវ ធម្មនុញ្ញឆ្នេរ (Charter of Bay), ខ្ញុំសូមស្នើឱ្យអង្គមហាសន្និបាត រួមទាំងកម្ពុជាផងដែរ យកឯកសារនេះជាគោល ដើម្បីជាត្រីវិស័យមួយបន្ថែមទៀត ក្នុងការតម្រែតម្រង់ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្ររបស់ខ្លួន ៕