បណ្ឌិត ហ៊ុន ម៉ាណែត៖ ដរាបណាមានសុខសន្តិភាព ខ្មែរយើងនឹងបន្តទទួលបាននូវ ការបង្កលក្ខណៈ ដល់ការគោរពប្រតិបត្តិ និងលើកតម្កើងព្រះពុទ្ធសាសនា
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា ដរាបណាមានសុខសន្តិភាព ខ្មែរយើងនឹងបន្តទទួលបាននូវ
ការបង្កលក្ខណៈដល់ការគោរពប្រតិបត្តិ និងលើកតម្កើងព្រះពុទ្ធសាសនា ដូចចែងក្នុងបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» ដូច្នោះដែរ ។
ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញ សម្ពោធសមិទ្ធផលនានាក្នុងវត្តបុរាណនិវេសន៍ ហៅវត្តប្រាសាទនាងខ្មៅ ស្ថិតនៅក្នុងភូមិចារ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ នាថ្ងៃទី១០ ធ្នូ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវមោទកភាពចំពោះការ កកើតឡើងនូវសមិទ្ធផលថ្មីៗជាច្រើន នៅក្នុងទីអារាមដ៏មានវ័យចំណាស់ប្រមាណ ១៤០ ឆ្នាំមួយនេះ ព្រមជាមួយនឹងការអរគុណចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ គណៈកម្មការអាចារ្យវត្ត លោកតាជីយាយជី និងពុទ្ធបរិស័ទចំណុះជើងវត្តប្រាសាទនាងខ្មៅ រួមទាំងសប្បុរសជនជិតឆ្ងាយទាំងអស់ ដែលបានចូលរួមចំណែកទំនុកបម្រុងដល់វត្តដ៏ចំណាស់នេះ ឱ្យរក្សាបាននូវភាពស័ក្តិសមទៅនឹងកិត្តិនាមដ៏ឧត្តុង្គឧត្តម ដូចបានប្រសិទ្ធនាមជា «វត្តបុរាណនិវេសន៍» ពីសំណាក់សម្តេចព្រះសង្ឃរាជ ជួន ណាត ខណៈដែលទីអារាមនេះត្រូវបានបំផ្លិចបំផ្លាញចោលនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ឯកឧត្ដមបណ្ឌិត បញ្ជាក់ថា ការរីកចម្រើនឡើងវិញរបស់វត្តនេះ រហូតដល់បច្ចុប្បន្ន គឺបានសរបញ្ជាក់ឱ្យឃើញថា ដួងព្រលឹងជាពុទ្ធសាសនិករបស់ខ្មែរ មិនត្រូវបានពួកទមិឡអត់សាសនាបំផ្លាញបាននោះទេ។
បណ្ឌិត ហ៊ុន ម៉ាណែត បន្ថែមថា សមិទ្ធផលដែលត្រូវបានសម្ពោធក្នុងថ្ងៃនេះ ក៏បានបង្ហាញផងដែរនូវភាពរីករាយរបស់ប្រជាជនខ្មែរក្នុងការចូលរួមចំណែកកសាងសមិទ្ធផលក្នុងវិស័យពុទ្ធចក្រ តាមរយៈវប្បធម៌ចែករំលែកដែលជាប្រពៃណីដ៏ផូរផង់របស់ខ្មែរ នៅក្រោមម្លប់នៃសុខសន្តិភាព, ការរួបរួមសាមគ្គីជាតិខ្មែរដោយមិនមានការរើសអើង, ការអនុវត្តសិទ្ធិសេរីភាពពេញលេញរបស់ប្រជាពលរដ្ឋខ្មែរ និងកត្តាជីវភាពរបស់ប្រជាជនដែលមានការរីកចម្រើនជាលំដាប់ ៕