ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលរបស់សម្តេចតេជោ មិនដែលបោះបង់ពលរដ្ឋក្រីក្រណាមួយឡើយ ហើយផ្តល់កិច្ចអន្តរាគមន៍ជាប់ជានិច្ច
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន របស់គណបក្សប្រជាជនកម្ពុជាបានទទួលស្គាល់ថា នៅកម្ពុជាមានប្រជាពលរដ្ឋរស់ក្រោមបន្ទាត់ក្រីក្រ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនដែលបោះបង់ពួកគាត់នោះឡើយ ហើយតែងផ្តល់ជូនកិច្ចអន្តរាគមន៍ជាប់ជានិច្ច ដើម្បីជួយដោះស្រាយការលំបាក និងលើកកម្ពស់ជីវភាពរបស់ពួកគាត់។
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បែបនេះ នាពេលអញ្ជើញសម្ពោធនៅក្នុងវត្តមួយនាខេត្តតាកែវ នៅពេលថ្មីៗនេះ។ ការលើកឡើងរបស់ឯកឧត្ដមបណ្ឌិត ជាការឆ្លើយតបទៅនឹងក្រុមប្រឆាំងរិះគន់ នៅក្រៅប្រទេសមួយចំនួន ដែលបានចោទរាជរដ្ឋាភិបាលកម្ពុជាថា មិនយកចិត្តទុកដាក់លើប្រជាពលរដ្ឋមានជីវភាពក្រីក្រ។
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ឆ្លើយតបការរិះគន់នេះ លោកបានចោទសួរទៅក្រុមអ្នករិះគន់វិញថា តើមានប្រទេសណាមួយមិនមានប្រជាពលរដ្ឋភាពក្រីក្រ? ហើយទន្ទឹមនឹងការចោទសំណួរបែបនេះ បេក្ខភាពនាយករដ្ឋមន្ត្រីដែលបញ្ចប់ការសិក្សាពីប្រទេសអាមេរិក និងអង់គ្លេសរូបនេះ ក៏បានគូសបញ្ជាក់បង្ហាញស្ថិតិពលរដ្ឋក្រីក្រីនៅបណ្តាប្រទេសមហាអំណាចធំៗមួយចំនួនមកបង្ហាញផងដែរ។
បើយោងលើការសិក្សាស្រាវជ្រាវរបស់ខ្លួន ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានរកឃើញថា នៅប្រទេសបារាំង មានប្រជាពលរដ្ឋអត់លំនៅឋាន ៣០ម៉ឺននាក់. នៅប្រទេសអង់គ្លេស មានពលរដ្ឋអត់លំនៅឋានប្រហែល២៣ម៉ឺននាក់ និងប្រទេសអាមេរិក មានពលរដ្ឋអត់មានលំនៅឋានប្រមាណ ៥៥ម៉ឺននាក់។
បើទោះជាយ៉ាងណាក៏ដោយចុះឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានទទួលស្គាល់ថា នៅប្រទេសកម្ពុជានៅមានពលរដ្ឋរស់ នៅក្រោមបន្ទាត់នៃភាពក្រីក្រ ប៉ុន្តែអត្រាពលរដ្ឋរស់ក្រោមបន្ទាត់នៃភាពក្រីក្រ មិនខ្ពស់ទៀតនោះឡើយ។ នៅក្នុងទសវត្សរ៍៩០ ប្រជាជនរស់នៅក្រោមបន្ទាត់ ភាពក្រីក្រមានរហូតដល់ទៅជិត ៤០ភាគរយ ប៉ុន្តែបច្ចុប្បន្នមានប្រមាណ ១៧ភាគរយប៉ុណ្ណោះ។
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានលើកបង្ហាញអំពីកិច្ចអន្តរាគមន៍មួយចំនួនធំ ដល់ប្រជាជន ដែលពូកគាត់រស់នៅក្រោមបន្ទាត់ភាពក្រីក្រនេះ។ កិច្ចអន្តរាគមន៍ទាំងនោះ ក៏មានដូចជាការដាក់ចេញគោលនយោបាយគាំពារសង្គម តាមរយៈការផ្តល់បណ្ណសមធម៌ ដែលតាមរយៈបណ្ណសមធម៌នេះ ក៏មានការឧបត្ថម្ភថវិកាប្រចាំខែ និងផ្តល់សេវាព្យាបាលជំងឺដោយមិនគិតសេវា នៅតាមពេទ្យរបស់រដ្ឋជាដើម។ បន្ថែមពីនេះនៅពេលប្រជាជនជួបការលំបាក ដោយសារវិបត្តិជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាប្រមាណ ៤០លានដុល្លារក្នុងមួយខែ ដើម្បីជួយទ្រទ្រង់ជីវភាពប្រជាជនដែលក្រីក្រ។
ហើយក្រៅពីការផ្ដល់បណ្ណសមធម៌និងការឧបត្ថម្ភថវិកាប្រចាំខែនៅពេលថ្មីៗនេះ រាជរដ្ឋាភិបាល លោកបានដាក់ចេញគោលនយោបាយ ឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាពលរដ្ឋប្រឈមហានិភ័យដោយសារវិបត្តិអតិផរណាថែមទៀតផង។
[ហ្នឹងហើយអ្នកដែលក្រីក្រលំបាក រាជរដ្ឋាភិបាលជួយផ្ទាល់អ៊ីចឹង។ ប៉ុន្តែប្រទេសណាក៏ដោយ រដ្ឋមិនអាចជួយពលរដ្ឋទាំងអស់ ហើយជួយរហូតនោះទេ។ គោលដៅសំខាន់បំផុត គឺត្រូវជួយគាត់ឱ្យរឹងដៃរឹងជើងដោយខ្លួនឯងក្នុងរយៈពេលវែង ទើបមានចេរភាព]។ នេះជាការគូសបញ្ជាក់របស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត។
បើតាមការគូសបញ្ជាក់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីជួយពលរដ្ឋអាចម្ចាស់ការលើការ កសាងជីវភាពដោយខ្លួនឯង ហើយមានជីវភាពកាន់តែល្អប្រសើរនោះ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រឹងប្រែងបង្កើតសមត្ថភាពជូនពួកគាត់តាមរយៈនយោបាយអប់រំ ដោយបង្កើតសាលារៀនកាន់តែច្រើន និងកៀកផ្ទះប្រជាពលរដ្ឋ ដើម្បីឱ្យកូនចៅប្រជាពលរដ្ឋទទួលបានការអប់រំកាន់តែច្រើន និងកាន់តែខ្ពស់។
ហើយក្រៅពីរឿងជំរុញការបណ្តុះបណ្តាល និងការអប់រំហើយនោះ រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់គាំពារលើសុខមាលភាពសាធារណៈ ដោយជំរុញមណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព និងពេទ្យបង្អែកកាន់តែច្រើនទៅតាមទីជនបទ។
លើសពីនេះទៀត រាជរដ្ឋាភិបាល ក៏បានប្រឹងប្រែងបង្កើតការងារឱ្យកាន់តែច្រើនសម្រាប់ពលរដ្ឋ ដោយមិនពឹងផ្អែកតែលើរបរកសិកម្ម។
ជាមួយនឹងការលើកបង្ហាញពីកិច្ចអន្តរាគមន៍នានារបស់រាជរដ្ឋាភិបាល ដើម្បីជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋហើយនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត មេដឹកនាំបន្តវេនដែលកំពុងបង្ហាញវត្តមាន តាមវេទិកាសាធារណៈស្ទើរគ្រប់ទីកន្លែងរៀងរាលថ្ងៃ។។