ក្រសួងអប់រំ ចាប់ផ្តើមដំណើរការកំណែសន្លឹកកិច្ចការ របស់បេក្ខជនប្រឡងសញ្ញាបត្របាក់ឌុប
ភ្នំពេញ៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមដំណើរការកំណែសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា នៅសម័យប្រឡង០៥ ធ្នូ ២០២២។
ក្រសួងគូសបញ្ជាក់ថា ដំណើរការកំណែបានចាប់ផ្ដើមនៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២ ក្នុងឱកាសនោះ លោកគ្រូ អ្នកគ្រូ ដែលជាប្រធានក្រុមដឹកនាំធ្វើអត្រាកំណែទាំងអស់ បានធ្វើការបែងចែកសមាជិកបន្តជាក្រុមតូច និងធ្វើការណែនាំដល់សមាជិកទាំងឲ្យបំពេញភារកិច្ចឲ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ ដោយមិនត្រូវយកភ្ជាប់មកជាមួយនូវទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកចូលបន្ទប់កំណែ គ្រប់បន្ទប់កំណែទាំងអស់មានបំពាក់កាម៉េរ៉ាសុវត្ថិភាព និងក្រោមការត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ។
ប្រតិភូរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំដោយបណ្ឌិតសភាចារ្យ ណាត ប៊ុរឿន រដ្ឋមន្ត្រីស្តីទីក្រសួងអប់រំ យុវជន និងកីឡា និងជាគណៈមេប្រយោគទូទាំងប្រទេសកំណែ បានអញ្ជើញចុះពិនិត្យនៅតាមមណ្ឌលកំណែ ខណៈគណៈកម្មការនានា កំពុងមមាញឹកក្នុងការបំពេញភារកិច្ចដោយយកចិត្តទុកដាក់ ព្រមទាំងមានការចូលរួមពិនិត្យ ពីអង្គភាពប្រឆាំងអំពើពុករលួយ។
នៅតាមមណ្ឌលនីមួយៗមានកិច្ចប្រជុំពង្រឹងគណៈកម្មការកំណែជាប្រចាំ ដើម្បីធានាបាននូវការគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន១០០%។។