សម្តេចក្រឡាហោម ស ខេង អញ្ជើញជូនដំណើរ សម្ដេចតេជោ អញ្ជើញចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-សហភាពអឺរ៉ុប
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចូលរួមជូនដំណើរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ជាមួយឯកឧត្តម ឆាល មីសែល ប្រធានក្រុមប្រឹក្សា អឺរ៉ុប នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ នៅទីក្រុងព្រុចសែល។
សូមជម្រាបជូនដែរថា កិច្ចប្រជុំពេញអង្គនៃជំនួបកំពូលរំលឹកខួបនេះ នឹងពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុបនាពេលបច្ចុប្បន្ន និងកំណត់ទិសដៅអនាគតសម្រាប់ទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប។ ថ្នាក់ដឹកនាំរំពឹងថានឹងផ្តោតការពិភាក្សាទៅលើវិធីដើម្បីពង្រឹងសេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការផ្លាស់ប្តូរឌីជីថល ការតភ្ជាប់ ការធានាបាននូវការផ្លាស់ប្តូរបៃតង ថាមពល និងសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាព។ ថ្នាក់ដឹកនាំ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការព្រួយបារម្ភ និងការចាប់អារម្មណ៍រួម ផងដែរ។
លើសពីនេះ អំឡុងពេលនៃកិច្ចប្រជុំកំពូលរំលឹកខួបនេះ ព្រឹត្តិការណ៍អមជាច្រើននឹងត្រូវបានរៀបចំឡើង រួមមានអាហារថ្ងៃត្រង់តុមូល កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុបលើកទី១០ កិច្ចប្រជុំកំពូលយុវជន អាស៊ាន-សហភាពអឺរ៉ុប និងការអបអរសាទរកិច្ចសហប្រតិបត្តិការប្រជាជនអាស៊ាន-សហភាពអឺរ៉ុប ស្តីពីឧត្តមសិក្សា។
គួរបញ្ជាក់ថា នៅមុនពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង ផងដែរ៕