គ្រប់បណ្តាកងឯកភាព ចំណុះកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ យកចិត្តទុកដាក់ក្នុងការយាមកាម និង ល្បាតត្រួតពិនិត្យគ្រប់ចំណុចដែលបានកំណត់
ភ្នំពេញ៖ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ អនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៤២ បានចាត់តាំងឲ្យលោក មេបញ្ជាការ វរសេនាតូចលេខ ៤២២ ចាត់តាំងកម្លាំងអន្តរាគមន៍ ដើរល្បាតតាមខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួលខុសត្រូវ និងសហការជាមួយកម្លាំងប៉ូលិសការពារព្រំដែន ។
រាល់ការល្បាតគ្រប់ចំណុចទាំងអស់នេះ ដើម្បីក្តាប់ជាប់នូវសភាពការណ៍ ដែលកើតមានឡើងដោយ ប្រការណាមួយតាមខ្សែបន្ទាត់ព្រំដែន និងបានណាត់ជួបសំណេះសំណាល ជាមួយភាគីសៀមផងដែរ ។
ក្នុងនោះដែរ ឧត្តមសេនីយ៍ទោ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៤២ បានជំរុញឲ្យគ្រប់កងឯកភាពទាំងអស់ ត្រូវតែបន្តបង្កើនកិច្ចសហការក្នុងការ ដើរល្បាតឲ្យបានជាប់ជាប្រចាំ និង ធ្វើការត្រួសត្រាយសំអាតផ្លូវចល័ត តាមខ្សែបន្ទាត់ព្រំដែនឲ្យបានស្អាតល្អ ដើម្បីងាយស្រួលក្នុងការដើរល្បាតផងដែរ ។
ឧត្តមសេនីយ៍ទោ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ ៤២ ក៏បានផ្តាំផ្ញើបន្ថែមដល់កម្លាំងល្បាត និងកម្លាំងប្រចាំការតាមខ្សែបន្ទាត់ព្រំដែនទាំងអស់ ត្រូវតែមានការប្រុងប្រយ័ត្នចំពោះជំងឺគ្រនចាញ់ និង ថែទាំសុខភាពឲ្យបានល្អគ្រប់ៗគ្នា ៕