៣ថ្ងៃ ភ្ញៀវទេសចរណ៍ជាង ៧០ម៉ឺននាក់ អញ្ជើញមកកំសាន្ត ក្នុងពិធីបុណ្យសមុទ្រឆ្នាំ២០២២ នៅខេត្តព្រះសីហនុ
ភ្នំពេញ៖ រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ មានភ្ញៀវទេសចរណ៍ អញ្ជើញមកកំសាន្ត ក្នុងពិធីបុណ្យសមុទ្រឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ចំនួន ៧១២.៦១៤នាក់ កើន២៩% បើធៀបរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យសមុទ្រកាលពីឆ្នាំ២០១៧ ។
សូមរំលឹកថា ពិធីបើកបុណ្យសមុទ្យ ធ្វើឡើងក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា នារាត្រីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ រួមជាមួយការថ្លែងសុន្ទរកថារបស់ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយផ្ដោតលើចំណុចជាច្រើនប្រការ ការសម្ដែងសិល្បៈរបស់សិល្បករជាតិ និងសិល្បករអន្តរជាតិ (ឥណ្ឌា ម៉ាឡេស៊ី ថៃ វៀតណាមជាដើម) ការសម្ដែងរបាំ និងសិល្បចម្រៀងប្រពៃណីជាដើម។
សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី៩នេះ រៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ អមជាមួយនឹងការធ្វើជាម្ចាស់ផ្ទះរៀបចំ មហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុត លើសកលលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម»៕