អគ្គនាយករង ប.ស.ស ដឹកនាំមន្ត្រីជំនាញចូលរួម សិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាង សេចក្តីសម្រេចស្ដីពី ”លក្ខខណ្ឌ និងនីតិវិធីក្នុងការជ្រើសរើសក្រុមហ៊ុន ផ្ដល់សេវាសវនកម្មក្នុងប្រព័ន្ធសន្តិសុខសង្គម”
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីសំណាក់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង និងជាប្រធានក្រុមការងារកិច្ចការច្បាប់នៃបេឡាជាតិសន្តិសុខសង្គម (ក.ច.ប.) បានអញ្ជើញដឹកនាំមន្ត្រីជំនាញចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងសេចក្តីសម្រេចស្ដីពី ”លក្ខខណ្ឌ និងនីតិវិធីក្នុងការជ្រើសរើសក្រុមហ៊ុនផ្ដល់សេវាសវនកម្មក្នុងប្រព័ន្ធសន្តិសុខសង្គម” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយកនៃនិយ័តករសន្តិសុខសង្គម ។
សិក្ខាសាលាពិគ្រោះយោបល់ខាងលើរៀបចំឡើងក្នុងគោលបំណង ប្រមូលជាធាតុចូលសំខាន់ៗដើម្បីកំណត់អំពីលក្ខខណ្ខ និងកាតព្វកិច្ចរបស់ប្រតិបត្តិករសន្តិសុខសង្គម និងក្រុមហ៊ុនផ្ដល់សេវាសវនកម្មក្នុងប្រព័ន្ធសន្តិសុខសង្គម ដើម្បីធានានូវភាពត្រឹមត្រូវ តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពនៃការធ្វើសវនកម្មក្នុងប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា។
សូមបញ្ជាក់ថា៖ សិក្ខាសាលាពិគ្រោះយោបល់នេះរៀបចំដោយ និយ័តករសន្តិសុខសង្គម ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី តំណាងស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនសវនកម្ម ប្រមាណជាង ១០០រូប នៅសណ្ឋាគារ ភ្នំពេញ៕