កម្ពុជា.អូស្ត្រាលី បានចុះហត្ថលេខាលើកិច្ចបំពេញបន្ថែម សម្រាប់កម្មវិធីភាពជាដៃគូ និងការអភិវឌ្ឍសេដ្ឋកិច្ច
ភ្នំពេញ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀលថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២២ បានទទួលជួបសម្តែងការគួរសមជាមួយលោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា ដែលនឹងត្រូវបញ្ចប់អាណត្តិបេសកកម្មការទូត នាពេលឆាប់ៗខាងមុខ និងដើម្បីចុះហត្ថលេខាលើកិច្ចសម្របសម្រួលបំពេញបន្ថែម សម្រាប់កម្មវិធីភាពជាដៃគូកម្ពុជា.អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ [Cambodia-Australia Partnership for Resilient Economic Development, CAP RED] Program។
ស្របពេលជំនួបសម្តែងការគួរសមដើម្បីជម្រាបលាខាងលើ ឯកអគ្គរាជទូតអូស្រ្តាលី បានសម្តែងនូវសេចក្តីរីករាយ និងអបអរជាថ្មី ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលទទួលបានជោគជ័យ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០និងទី ៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅថ្ងៃទី ១៣.១៧ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ។។