ព្រិលធ្លាក់មកលើចក្រភពអង់គ្លេស បង្កឱ្យមានការរំខានដល់ការធ្វើដំណើរ និងបង្កឱ្យមានការព្រួយបារម្ភអំពីថាមពល
ទីក្រុងឡុងដ៍÷ព្រិលបានគ្របដណ្តប់ទីក្រុងឡុងដ៍ និងផ្នែកមួយចំនួនធំនៃចក្រភពអង់គ្លេសកាលពីថ្ងៃចន្ទ ដោយបានបិទសាលារៀន បញ្ឈប់ការហោះហើរ និងបណ្តាលឱ្យមានការរំខានយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលកំពុងតស៊ូឆ្លងកាត់វិបត្តិថាមពលរដូវរងា។ចក្រភពអង់គ្លេសបានកត់ត្រាថ្ងៃត្រជាក់បំផុតនៃឆ្នាំនៅព្រឹកព្រលឹមថ្ងៃចន្ទ ជាមួយនឹងសីតុណ្ហភាពទាបរហូតដល់ដក ១៥.៧ អង្សាសេ (៤ អង្សាហ្វារិនហៃ) នៅភាគខាងជើងនៃប្រទេសស្កុតឡែន នេះបើយោងតាមការិយាល័យ Met Office ដែលជាសេវាអាកាសធាតុជាតិរបស់ចក្រភពអង់គ្លេស។
ខ្យល់ត្រជាក់បានបន្សល់ទុកផ្នែកជាច្រើននៃប្រទេស រួមទាំងទីក្រុងឡុងដ៍ ដែលគ្របដណ្តប់ដោយព្រិលតាំងពីល្ងាចថ្ងៃអាទិត្យ។ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីអាកាសធាតុ នៅតំបន់មួយចំនួន នៃប្រទេស។
អ្នកបើកបរត្រូវបានជំរុញឱ្យជៀសវាងការបើកបរនៅតាមទីតាំងជាច្រើន ដោយអ្នកខ្លះបង្ខំចិត្តបោះបង់ចោលរថយន្តរបស់ពួកគេ។ សាលារៀនជាច្រើនត្រូវបានបិទ។ អាកាសយានដ្ឋាន Heathrow, Gatwick និង Stansted ដែលបម្រើដល់រដ្ឋធានីបានព្រមានអំពីការពន្យារពេល និងការលុបចោលជើងហោះហើរ។ទោះបីជាមានការរំខានក៏ដោយ ការមកដល់នៃព្រិលពីរសប្តាហ៍មុនបុណ្យណូអែលបាននាំមកនូវបរិយាកាសរីករាយដល់សួនច្បារ និងផ្លូវនានារបស់ប្រទេសអង់គ្លេស។
ការធ្លាក់ព្រិលគឺកម្រមានណាស់នៅភាគខាងត្បូងនៃប្រទេសអង់គ្លេសបើប្រៀបធៀបទៅនឹងភាគខាងជើងនៃចក្រភពអង់គ្លេស និងអឺរ៉ុបដីគោក ហើយប្រជាជនអង់គ្លេសជាញឹកញាប់ត្អូញត្អែរអំពីការរៀបចំមិនត្រឹមត្រូវនៃហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសនៅពេលអាកាសធាតុត្រជាក់ខ្លាំង។អតិផរណា និងវិបត្តិថាមពលបានបន្ថែមការព្រួយបារម្ភនៅឆ្នាំនេះ ដោយសារវិក័យប័ត្រគ្រួសារបានកើនឡើង ហើយប្រជាជនព្រួយបារម្ភថាតើពួកគេអាចមានលទ្ធភាពទិញកំដៅផ្ទះរបស់ពួកគេបានដែរឬទេ។
ទីភ្នាក់ងារសារព័ត៌មាន PA Media របស់ចក្រភពអង់គ្លេសបានរាយការណ៍ថា National Grid ដែលគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ថាមពលភាគច្រើនរបស់ចក្រភពអង់គ្លេសបានណែនាំស្ថានីយថាមពលធ្យូងថ្មចំនួនពីរឱ្យចាប់ផ្តើមកំដៅឡើង ក្នុងករណីអាកាសធាតុត្រជាក់គំរាមកំហែងដល់បណ្តាញថាមពលរបស់ប្រទេស។
ក្រុមហ៊ុនបានអោយដឹងថា វាគឺជាផែនការ “ភាពចាំបាច់” ដែលមានគោលបំណង “ផ្តល់ទំនុកចិត្តដល់សាធារណជនក្នុងការផ្គត់ផ្គង់ថាមពលនៅថ្ងៃច័ន្ទ” នេះបើយោងតាម PA ។
គំនរព្រិលកាលពីថ្ងៃអាទិត្យបានកើតឡើងបន្ទាប់ពីអាកាសធាតុត្រជាក់និងទឹកកកជាច្រើនថ្ងៃដែលបានបង្កឱ្យមានសោកនាដកម្មរួចហើយនៅ Solihull ភាគកណ្តាលនៃប្រទេសអង់គ្លេស។
ប៉ូលីស West Midlands បានអោយដឹងថា ក្មេងប្រុសបីនាក់ដែលមានអាយុ ៨, ១០ និង ១១ ឆ្នាំបានស្លាប់នៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីបានធ្លាក់ចូលទៅក្នុងបឹងមួយកាលពីរសៀលថ្ងៃអាទិត្យ។ក្មេងប្រុសទី៤ អាយុ៦ឆ្នាំ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ។
ប៉ូលីសបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា “ការស្វែងរកបឹងកំពុងបន្តនៅពេលដែលយើងស្វែងរកដើម្បីកំណត់ឱ្យច្បាស់នូវអ្វីដែលបានកើតឡើង ហើយប្រសិនបើនរណាម្នាក់ផ្សេងទៀតបានធ្លាក់ចូលទៅក្នុងទឹក” ។