គយប្រកាសប្រាប់ដល់ម្ចាស់រថយន្តចង្កូតស្តាំដែលបានចុះបញ្ជីរួច ប្រញាប់ទៅបង់ពន្ធនៅត្រឹមដំណាច់ខែធ្នូនេះ ដើម្បីជៀសវាងការបង្រ្កាប
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានជូនដំណឹងដល់ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់នៅក្នុងដែលបានចុះបញ្ជីរួច ចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា ពោលគឺយ៉ាងយូរនៅត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះ ដើម្បីជៀសវាងការបង្រ្កាបជាយថាហេតុណាមួយ។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ជម្រាបម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលបានមកចុះបញ្ជីរួចថា អនុលោមតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ការអនុញ្ញាតឱ្យម្ចាស់រថយន្តគ្មានពន្ធចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករត្រូវបានពន្យារពេលរហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ គិតមកដល់ពេលនេះអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សង្កេតឃើញថាម្ចាស់រថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសជ្រកក្រោមផ្លាកលេខផ្សេងៗភាគច្រើនលើសលុប បានចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាកររួចរាល់ ប៉ុន្តែ ម្ចាស់រថយន្តចង្កូតស្ដាំដែលបានចុះបញ្ជីរួចមួយចំនួននៅមិនទាន់ចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករនៅឡើយ។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានក្រើនរំលឹកលើកចុងក្រោយ ដល់ម្ចាស់រថយន្តចង្កូតស្តាំទាំងអស់ ដើម្បីចៀសផុតពីការបង្ក្រាបដោយមន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចតាមដងផ្លូវ ការដ្ឋាន អាជីវកម្មដ្ឋាន និងតាមទីកន្លែងសាធារណៈជាយថាហេតុ ចូលមកបង់ពន្ធនិងអាករនៅតាមបណ្តាអង្គភាពគយនិងរដ្ឋាកររាជធានី-ខេត្ត ដែលសាមីខ្លួនបានចុះបញ្ជីរថយន្តរបស់ខ្លួន ឱ្យបានមុនការកំណត់ជាកំហិត។
រថយន្តគ្រប់ប្រភេទ រួមទាំងរថយន្តដែលបានចុះបញ្ជីរួចហើយមិនទាន់បំពេញកាតព្វកិច្ចពន្ធនិងអាករត្រឹមឱសានវាទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នឹងត្រូវបង្ក្រាបរឹបអូស ដោះជាគ្រឿងបន្លាស់ ឬកំទេចចោលតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដោយពុំមានការអនុគ្រោះឡើយ៕