សម្តេច ស ខេង បញ្ជាឲ្យស្រាវជ្រាវចាប់ខ្លួនឧក្រិដ្ឋជន គ្រឿងញៀនទ្រង់ទ្រាយធំមួយនៅខេត្តព្រះសីហនុ ក្រោយរឹបអូសថ្នាំញៀនបានជិត៩០០គីឡូក្រាម
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស បានបញ្ជាឲ្យស្រាវជ្រាវតាមចាប់ខ្លួនឧក្រិដ្ឋជន ដែលជួញដូរគ្រឿងញៀន ទ្រង់ទ្រាយធំមួយ នៅខេត្តព្រះសីហនុ ដែលរឹបអូសថ្នាំញៀនជិត៩០០គីឡូក្រាម។
ក្នុងពេលអញ្ជើញប្រារព្ធទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ២០២២ លើកទី១៦ នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «នៅខេត្តព្រះសីហនុ មានករណីគ្រឿងញៀនមួយដ៏ធំ ដោយសមត្ថកិច្ចយើងបានបង្ក្រាបរហូតទៅដល់ គឺសារធាតុញៀន កេតាមីនជាង៨០០គីឡូក្រាម។ សមត្ថកិច្ចយើង កំពុងតែធ្វើការងារនេះយ៉ាងហ្មត់ចត់តទៅទៀត»។
កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចឃ្លាំងជួលមួយកន្លែង ស្ថិតនៅក្រុម៩ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ រកឃើញថ្នាំញៀនចំនួន ៣៤បាវ ដែលមានទម្ងន់រហូតដល់ ៨៨៤គីឡូក្រាម។
«ប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននេះ កម្លាំងកងរាជអាវុធហត្ថរបស់ខេត្តក្រោមការបញ្ជាផ្ទាល់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកង រាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលពីលោក ចន្ទ ដារិទ្ធ ព្រះរាជអាជ្ញារង អយ្យាការអមសាលាដំបូងខេត្តព្រះសីហនុ បានបើកការស្រាវជ្រាវរហូតឈានទៅដល់ ការបង្ក្រាបករណីជួញដូរគ្រឿងញៀន រកឃើញគ្រឿងញៀនជិត៩០០គីឡូក្រាម»។
ចំពោះជនសង្ស័យ កម្លាំងមន្ទីរជំនាញបានពន្លាតដែនដី សមត្ថកិច្ចទៅតាមរាជធានី-ខេត្ត ដើម្បីស្វែងរកមុខសញ្ញាពាក់ព័ន្ធ។
សម្តេចក្រឡាហោ ស ខេង បានលើកឡើងបន្តថា ប្រសិនបើគ្រាន់តែប្រមូលបានគ្រឿងញៀនជាង ៨០០គីឡូក្រាមនេះមក តែមិនបានចាប់ឧក្រិដ្ឋជន មកផ្តន្ទាទោស វាហាក់ដូចជាបេសកកម្មមិនទាន់ចប់ទេ ហើយក៏មិនជោគជ័យដែរ។ ដែលហៅថា ជោគជ័យ លុះត្រាតែជនរងគ្រោះសង្គ្រោះបាន ឬក៏វត្ថុតាងត្រូវរឹបអូសបាន ប៉ុន្តែឧក្រិដ្ឋជនត្រូវតែនាំមកផ្តន្ទាទោសតាមច្បាប់។
សម្តេចក្រឡាហោម គូសបញ្ជាក់ទៀតថា សមត្ថកិច្ចកម្ពុជា នឹងពន្លាតការស្រាវជ្រាវ ទៅរកបទល្មើសដទៃទៀត ដែលកម្ពុជាប្រឹងប្រែងរាល់ថ្ងៃនេះ ដូចជាបទល្មើសសម្អាតប្រាក់ជាដើម៕