ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញបើកកិច្ចប្រជុំពិភាក្សាការងារលើការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ ២០២៣ ជាមួយរដ្ឋបាលខេត្តសៀមរាប
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តបានដឹកនាំគណៈប្រតិភូ ស.ស.យ.ក. ចូលរួមប្រជុំពិភាក្សាការងារលើការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ ២០២៣ ជាមួយរដ្ឋបាលខេត្តសៀមរាប ដែលដឹកនាំដោយឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប នៅសាលាខេត្តសៀមរាប នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២២។
ស.ស.យ.ក.គ្រោងនឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាប្រាព្ធខួបទី ១០ របស់អង្គរសង្ក្រាន ក្រោមប្រធានបទ [ក្តីស្រមៃ និងក្តីសង្ឃឹម] ដែលនាំយកសម្បត្តិវប្បធម៌. ទំនៀមទំលាប់. និងស្នាដៃរបស់បុព្វបុរសខ្មែរមកសម្តែងនៅទឹកដីដ៏ពិសិដ្ឋនៃតំបន់ឧទ្យានអង្គរ។ ទន្ទឹមនឹងនោះ អង្គរសង្រ្កាន្ត ២០២៣ ក៏គ្រោងនឹងនាំយកកម្មវិធីរំលឹកអនុស្សាវរីយ៍សំខាន់ៗជាច្រើន រំលេចឡើងនូវខួប ១០ ឆ្នាំរបស់ខ្លួន។
រដ្ឋបាលខេត្តសៀមរាប ឯកឧត្តមទៀ សីហា បានសម្តែងនូវក្តីសោមនស្សរីករាយដែលព្រឹត្តការណ៍អង្គរសង្រា្កន្តនឹងរៀបចំនៅឆ្នាំក្រោយនេះ។ ឯកឧត្តមបានបន្ថែមថា ឯកឧត្តមសូមស្វាគមន៍ និងរងចាំចូលរួមផ្តល់កិច្ចសហការ និងសម្របសម្រួលដើម្បីអោយព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះប្រព្រឹត្តទៅដោយភាពជោគជ័យ។ ឯកឧត្តមក៏បានរំលេចថា ព្រឹត្តការណ៍នេះនឹងផ្តល់ជាឱកាសដ៏អធិកអធម និងមហាសប្បាយរីករាយ សម្រាប់ប្រជាជនក្នុងខេត្ត និងថែមទាំជួយទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិ។
សូមបញ្ជាក់ជូនថា កាលពីពិធីបិទព្រឹត្តិការណ៍កីឡាជាតិលើកទី ៣ និងជនពិការលើកទី ១ សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោកបានប្រកាសជាសាធារណៈថានឹងរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។ ស.ស.យ.ក. ក្នុងនាមជាម្ចាស់គម្រោងបាន និងកំពុងត្រៀមលក្ខណៈធ្វើយ៉ាងណាដើម្បីអោយព្រឹត្តិការណ៏អង្គរឆ្នាំ ២០២៣ នេះឲ្យក្លាយជាមហាព្រឹត្តិការណ៍ដែលផ្តល់ភាពសប្បាយរីករាយដល់ប្រជាជនក្នុងឱកាសឆ្នាំថ្មីខាងមុខនេះផងដែរ។
សូមបញ្ជាក់ផងដែរ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ មាន៦ទីតាំងកម្សាន្ត៤៤កម្មវិធី ដោយមានធ្វើការបង្ហាញពីផលិតផលរបស់ខ្មែរ ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីព្រឹកថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា។ ពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ៕