ឯកឧត្ដម ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជា តែងចាត់ទុកការរក្សាសុខសន្តិភាព ជាអាទិភាពចម្បងបំផុត និងជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន សម្រាប់អភិវឌ្ឍប្រទេសជាតិ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តែងចាត់ទុកការរក្សាសុខសន្តិភាព ដែលយើងខិតខំស្វែងរកបានដោយលំបាកនេះ ជាអាទិភាពចម្បងបំផុត និងជាបុរេលក្ខខណ្ឌដែលមិនអាចខ្វះបាន សម្រាប់កិច្ចអភិវឌ្ឍប្រទេសជាតិ។
ក្នុងពិធីបើកសម្ពោធជាផ្លូវការផ្សារ ម៉ាក្រូ សាខាទី ៣ ជ្រោយចង្វារ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា នៅសល់ ១៥ថ្ងៃទៀត នឹងដល់គម្រប់ខួបទី ២៤ ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ។
ឯកឧត្ដមបន្តថា ហើយតាមរយៈគោលនយោបាយឈ្នះ-ឈ្នះនេះ, ប្រជាជនកម្ពុជាទាំងមូល បានទទួល និងរីករាយជាមួយនឹងសុខសន្តិភាព-ស្ថិរភាពពេញលេញ។
ឯកឧត្ដមបណ្ឌិត បន្ថែមថា តាមរយៈស្ថានភាពអំណោយផលនៃសុខសន្តិភាព ប្រជាពលរដ្ឋ ដែលជាវិនិយោគិន, ធុរជន, អាជីវករ និងពាណិជ្ជករទាំងក្នុងស្រុក និងក្រៅប្រទេស អាចផ្តោតការយកចិត្តទុកដាក់ចំពោះគម្រោង ឬសកម្មភាពវិនិយោគ, ធុរកិច្ច, អាជីវកម្ម និងពាណិជ្ជកម្មរបស់ខ្លួន ប្រកបដោយជំនឿទុកចិត្ត និងសុខុមាលភាពផ្លូវចិត្តនឹងនរដោយគ្មានការព្រួយបារម្ភ ៕