ឯកឧត្តម កើត រិទ្ធ អនុញ្ញាតឱ្យ ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមនឹងបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃពុធ ៦រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យឯកឧត្តម PABLO KANG ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមនឹងបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជារបស់ឯកឧត្តមនៅខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។
ថ្លែងក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឯកអគ្គរាជទូត ក៏ដូចជា រាជរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់កម្ពុជា តាមរយៈការផ្តល់ជំនួយវ៉ាក់សាំងកូវីដ-១៩, ឧបករណ៍បរិក្ខារ និងសម្ភារៈផ្សេងទៀតក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ប្រទេសអូស្ត្រាលី ដែលបានគាំទ្រកម្ពុជាក្នុងនាមជាប្រធានអាស៊ាន និងបានរួមចំណែកយ៉ាងសកម្មក្នុងភាពជោគជ័យរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ក្នុងបរិបទដែលពិភពលោកកំពុងជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ដូចជា ជំងឺកូវីដ-១៩, បញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងបញ្ហាប្រទេសភូមា។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ប្រទេសអូស្ត្រាលី ដែលបានគាំទ្រជាជំហរនៅក្នុងមហាសន្និបាត FATF ដើម្បីឱ្យមានការចុះត្រួតពិនិត្យដល់ទីកន្លែងនៅកម្ពុជានាខែមករា ឆ្នាំ២០២៣ ខាងមុខនេះ ហើយប្រទេសអូស្ត្រាលីក៏តែងតែជួយក្នុងបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពរបស់មន្ត្រីកម្ពុជាក្នុងការប្រឆាំងការសម្អាតប្រាក់, ការប្រឆាំងហិរញ្ញប្បទានភេរវកម្ម និងការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរដល់ ឯកឧត្តម PABLO KANG ធ្វើដំណើរត្រឡប់ទៅមាតុភូមិវិញប្រកបដោយសុខសុវត្ថិភាព និងទទួលជោគជ័យគ្រប់ភារកិច្ចការងារ ក៏ដូចជាបេសកកម្មបន្តបន្ទាប់ទៀតដែលរាជរដ្ឋាភិបាលអូស្ត្រាលីប្រគល់ជូន ឯកឧត្តម៕