ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយ ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប
ភ្នំពេញ៖ នៅសណ្ឋាគារ Sofitel Brussels Europe ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំគណប្រតិភូកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្ដម Valdis Dombrovskis អនុប្រធានប្រតិបត្តិ និងជាស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបនិងសហការី ដើម្បីពិភាក្សាអំពីការរឹតចំណងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានជម្រាបអំពីស្ថានភាពសេដ្ឋកិច្ចដែលកំពុងងើបប្រសើរឡើងវិញរបស់កម្ពុជា ដែលមានការបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចនិងការខិតខំស្តារសេដ្ឋកិច្ចឡើងវិញតាមរយៈការអនុវត្តក្របខណ្ឌយុទ្ធសាស្រ្តនិងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាម គន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ ដែលផ្តោតលើវិស័យអាទិភាពជាច្រើនឆ្លើយតបនឹងការអភិវឌ្ឍពាណិជ្ជកម្មនិងវិនិយោគ កិច្ចសហប្រតិបត្តិការ និងការឈានឆ្ពោះទៅចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសហភាពអឺរ៉ុបនិងប្រជាជនអឺរ៉ុប ចំពោះការគាំទ្រនិងការផ្តល់ជំនួយហិរញ្ញវត្ថុនិងបច្ចេកទេស សម្រាប់ការអភិវឌ្ឍន៍លើវិស័យសំខាន់ៗរបស់កម្ពុជាដូចជា ពាណិជ្ជកម្ម កសិកម្ម សុខាភិបាល អភិវឌ្ឍន៍ជនបទ និងការកសាងធនធានមនុស្សជាដើម។
ជាកិច្ចឆ្លើយតប ឯកឧត្ដម Valdis Dombrovskis ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប បានកត់សម្គាល់អំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជា ដែលមានស្ថានភាពល្អប្រសើរទោះបីជាក្នុងដំណាក់កាលនៃបញ្ហាប្រឈមបង្ករដោយជម្ងឺរាតត្បាតសកលក៏ដោយ។
ក្នុងនោះដែរ ឯកឧត្តមស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប បានទទួលស្គាល់អំពីផលលំបាកដែលកម្ពុជាអាចនឹងជួបប្រទះក្រោយពេលកម្ពុជាចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចជាផ្លូវការហើយបានជម្រាបជូនថា សហភាពអឺរ៉ុបនិងបន្តអនុវត្តយន្តការគាំទ្រដល់ប្រទេសអភិវឌ្ឍន៍តិចតួចដែលគ្រោង Graduation រួមទាំងកម្ពុជា សំដៅឈ្ពោះទៅប្រើប្រាស់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម GSP+ នាពេលខាងមុខ។ ទន្ទឹមនឹងនោះ ភាគី EU ក៏បានសន្យាថានឹងបន្តផ្តល់ជំនួយបច្ចេកទេសនិងកម្មវិធីកសាងសមត្ថភាពជូនដល់កម្ពុជាតាមការចំាបាច់ សំដៅជួយដល់បំណងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់របស់កម្ពុជា។
សម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងតំបន់ ភាគី EU បានជម្រាបអំពីការគាំទ្ររបស់ EU ដល់ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននៅកម្ពុជាក្នុងឆ្នាំ២០២២នេះ ហើយបានលើកពីសេចក្តីព្រាងផែនការសកម្មភាពដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្រ្ត ASEAN-EU (2023-2027) និងអំពីកិច្ចពិគ្រោះយោបល់ ASEAN-EU Consultation ដែលនឹងក្លាយជាកត្តានាំផ្លូវសម្រាប់វឌ្ឍនភាពទៅថ្ងៃខាងមុខនៃការចរចាបង្កើត ASEAN-EU Free Trade Agreement។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា និងឯកឧត្តមស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប បានឯកភាពនិងប្តេជ្ញាបន្តកិច្ចសន្ទនាល្អ ក៏ដូចជាដូចជាកិច្ចសហប្រតិបត្តិការស្អិតរមួតប្រកបដោយស្មារតីជួយគ្នា បំពេញបន្ថែម និងគោរពគ្នាទៅវិញទៅមក៕