រដ្ឋបាលខេត្តសៀមរាប បានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ឆ្នាំ២០២២
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តទី៣ ឆ្នាំ២០២២ ក្រោអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ម៉ននី រង្សី អភិបាលរងខេត្តតំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលពីក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងថ្នាក់ដឹកនាំ សិស្សានុសិស្ស ប្រជាពលរដ្ឋមកពីស្រុកស្រីស្នំ និងស្រុកក្រឡាញ់សរុប ៦១០នាក់ ស្រី ១៧៧នាក់។
បន្ទាប់ពីស្តាប់បទបញ្ជាផ្ទៃក្នុងវេទិកា បទបង្ហាញស្តីពីទិដ្ឋភាពរួម នៃការអភិវឌ្ឍក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាខេត្ត (ផែនការអភិវឌ្ឍន៍ របស់ខេត្តសៀមរាប ២០២០-២០២៥) និងរបាយការណ៍សង្ខេបបូកសរុបលទ្ធផលការងាររយៈពេល ១០ខែ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តសៀមរាប និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរួចមក អង្គវេទិកាបានអនុញ្ញាតឱ្យសមាជិក សមាជិកាលើកឡើងជាសំណួរ សំណូមពរ និងក្តីកង្វល់ផ្ទាល់ចំនួន ២០ និងលាយលក្ខអក្សរចំនួន ៣៦សំណួរ សំណូមពរ។
ជាមួយនឹងការលើកឡើងនូវសំណួរ សំណូមពរផ្ទាល់មាត់ទាំង២០ ដែលពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ ព្រំប្រទល់រដ្ឋបាល និងអគារសាលាឃុំ ត្រូវបានវាគ្មិនមកពីបណ្តាមន្ទីរ អង្គភាពឆ្លើយបំភ្លឺនៅនឹងកន្លែងផ្ទាល់។ ដោយឡែកសំណួរ សំណូមពរ ៣៦ រដ្ឋបាលខេត្តនឹងឆ្លើយតបជាលាយលក្ខអក្សរនៅពេលក្រោយ។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកាដែលបានចូលរួមលើកជាសំណួរ សំណូមពរ ក្តីកង្វល់កើតឡើងនៅមូលដ្ឋានរបស់ខ្លួន។ ម្យ៉ាងទៀត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានធ្វើការកោតសរសើរដល់វាគ្មិនទាំងអស់ដែលបានធ្វើការឆ្លើយបំភ្លឺជូនម្ចាស់សំណួរ សំណូមពរ ដោយបញ្ជាក់ពីស្ថានភាពនិងមូលហេតុបានយ៉ាងក្បោះក្បាយជូនម្ចាស់សំណួរ សំណូមពរ៕