អភិបាលខេត្តប្រះវិហារ បានឧបត្ថម្ភកុំព្យូទ័រចំនួន៣០គ្រឿង ជូនដល់សាលារៀនចំនួន២កន្លែងក្នុងឱកាសអញ្ជើញក្នុងសិក្ខាសាលាសមាហរណ៍កម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល
ភ្នំពេញ៖ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណ៍កម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលសង្កាត់ និងក្រុង នៅថ្នាក់ក្រុងព្រះវិហារ ដោយមានការចូលរួមពីអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំក្រុងព្រះវិហារ និងអង្កការដៃគូ នៅសាលាក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់អំពីសារៈសំខាន់នៃសិក្ខាសាលាសមាហរណកម្មនេះគឺដើម្បីប្រមូលផ្ដុំ កៀរគរមូលនិធិពីបណ្ដាអង្គការដៃគូ មន្ទីរអង្គភាព ស្ថាប័នជាតិអន្តរជាតិនិងសប្បុរសជននានាចូលរួមគាំទ្រគម្រោងឃុំសង្កាត់ក្រុងស្រុកដែលជាសេចក្តីត្រូវការនិងជាសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋស្របតាមទិសដៅយុទ្ធសាស្ត្រនិងគោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការ ព្រមទាំងគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យចាកផុតពីខ្សែបន្ទាន់នូវភាពក្រីក្រ។
ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងពិនប្រសប់ និងឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខកម្ពុជាទទួលបាននូវសុខសន្តិភាពប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យទាំងហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចសង្គម ព្រមទាំងសមិទ្ធផលជាច្រើនចាប់ពីទីក្រុងដល់ជនបទដាច់ស្រយាល។
ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភគាំទ្រកុំព្យូទ័រចំនួន៣០គ្រឿងជូនដល់សាលារៀនចំនួន២កន្លែង គឺវិទ្យាល័យជាស៊ីមត្បែងមានជ័យ និងអនុវិទ្យាល័យហ្មសែត និងបានឧបត្ថម្ភកុំព្យូទ័រដល់សង្កាត់ទាំងពីរចំនួន២គ្រឿង ផងដែរ៕