ឧត្តមសេនីយ៍ឯក ឯក សំអូន អញ្ជើញសម្ពោធសមិទ្ធផលនានា និងប្រកាសតែងតាំងផ្លាស់ប្ដូរ មុខងារជូនយោធិន ចំណុះទីបញ្ជាការ តំបន់អភិវឌ្ឍន៍ភ្នំឆ័ត្រ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធសមិទ្ធផលនានា និង ប្រកាសតែងតាំងផ្លាស់ប្ដូរមុខងារ ជូនយោធិន ចំណុះទីបញ្ជាការ តំបន់អភិវឌ្ឍន៍ភ្នំឆ័ត្រ។
អញ្ជើញចូលរួមមានមេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយទាហាន នាយទាហានរង យោធភូមិភាគទី៥។
ឧត្តមសេនីយ៍ឯក ឯក សំអូន បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ ដែលជានិច្ចកាល តែងគិតគូរពីសុខទុក្ខ ហើយយកចិត្តទុកដាក់ចំពោះយោធិនទាំងអស់ព្រមទាំងក្រុមគ្រួសារ។
ជាក់ស្តែងសមិទ្ធផលនានាដែលត្រូវបានដាក់សម្ពោធថ្ងៃនេះមាន សាលប្រជុំ ដែលមានទំហំ៧x១២.៦០ម៉ែត្រ ដែលជាអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ និងលោកជំទាវ ទឹម ដានិត សម្រាប់បម្រើឱ្យការងារប្រចាំថ្ងៃកាន់តែមានភាពងាយស្រួល។
ឯកឧត្តម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ក៏បានថ្លែងការកោតសរសើរ អបអរសាទរ និងផ្ដាំផ្ញើដល់យោធិន ដែលទើបតែត្រូវបានប្រកាសតែងតាំងផ្លាស់ប្ដូរមុខងារថ្មី ត្រូវខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ដែលអង្គភាពបានប្រគល់ឱ្យ ដើម្បីពង្រឹងបន្ថែមសមត្ថភាព មានបទពិសោធន៍ការងារ ដើម្បីបន្តទទួលបានកិត្តិយស និងមុខងារឱ្យខ្ពស់ជាងនេះថែមទៀត ក៏ដូចជាបង្កើននូវសមត្ថភាពរបស់ខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋ និងអង្គភាពផងដែរ។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន សូមប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជាឥស្សរជនដែលស័ក្តិសមជាអនាគតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តវេនដឹកនាំការពារបូរណភាពទឹកដី សុខសន្តិភាព និងស្ថិរភាពសង្គម ការលើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍន៍ជាតិឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ ដើម្បីវិបុលភាព សេចក្តីសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជា។
ជាទីបញ្ជប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន ក៏បានឧបត្ថម្ភថវិកា ចំនួន ២.០០០.០០០រៀល ជូនដល់អង្គភាពតំបន់អភិវឌ្ឍន៍ផងដែរ៕