សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង រៀបចំទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ដើម្បីអបអរសាទរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២២ ក្រោមប្រធានបទ “សាមគ្គីភាពតាមរយៈការស្ម័គ្រចិត្ត”
ភ្នំពេញ៖ ដើម្បីអបអរសាទរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២២ ក្រោមប្រធានបទ”សាមគ្គីភាពតាមរយៈការស្ម័គ្រចិត្ត” នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានរៀបចំទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ក្រោមអធិបតីភាព ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា-អនុសាខា អ្នកស្ម័គ្រចិត្ត មន្ត្រីទំនាក់ទំនងទីប្រឹក្សាយុវជន ទីប្រឹក្សាយុវជន កក្រក យុវជនកាកបាទក្រហមកម្ពុជា សរុបអ្នកចូលរួមចំនួន ១៣៦នាក់ ពិធីនេះប្រារព្ធធ្វើឡើងនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។
លោក ជន់ ស៊ីថា ប្រធានការិ.គ្រប់គ្រងគ្រោះមហន្តរាយ និងសុខភាព បានអានរបាយការណ៍ រយៈពេល ១១ខែ ឆ្នាំ២០២២ អ្នកស្ម័គ្រចិត្ត កក្រក ក្រុង ស្រុកទាំង ១៣ សរុបចំនួន ១០៨នាក់ ស្រី ៤៦នាក់ បានចូលរួមសកម្មភាពរួមមាន៖ ផ្តល់អំណោយដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ទិវាឆ្មបជាតិ ផ្សព្វផ្សាយអំពីការបង្ការជំងឺគ្រុនឈាម បញ្រ្ជាបការអប់រំផ្សព្វផ្សាយអំពីការបង្ការ និងការរាតត្បាតនៃជំងឺកូវីដ-១៩ ផ្តល់ស្បៀងដល់កុមារងាយរងគ្រោះដោយសារមេរោគអេដស៍/ជំងឺអេដស៍ បញ្រ្ជាបអំពីការធ្វើតេស្តឈាមរកមេរោគអេដស៍/ជំងឺអេដស៍ សុខភាពមនុស្សចាស់ និងជួយសាងសង់ផ្ទះ សរុបចំនួន ៨៤លើក មន្ត្រីទំនាក់ទំនងទីប្រឹក្សាយុវជន ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ៣,១៥០នាក់ បានចូលរួមសកម្មភាពផ្តល់អំណោយមនុស្សធម៌ដល់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ភ្លើងឆេះផ្ទះ ខ្យល់កន្ត្រាក់បាក់រលំផ្ទះ ឧប្បទវហេតុផ្សេងៗ ជួយសាងសង់ផ្ទះ សម្អាតបរិស្ថាន ផ្តល់ស្បៀងដល់កុមារអេដស៍ សម្អាតបរិស្ថានសាលារៀន ផ្តល់អំណោយដល់គ្រួសារក្រីក្រ អ្នកមានជំងឺ ផ្សព្វផ្សាយការកៀរគរមូលនិធី ច្បាប់ចរាចរណ៍ បានទទួលវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយមូលដ្ឋានគោលការណ៍គ្រឹះរបស់ចលនាវិជ្ជាសង្គ្រោះបឋម និងគោលនយោបាយយុវជនអ្នកស្ម័គ្រចិត្ត ជួយសម្របសម្រួលក្នុងការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ចូលរួមសម្ភោធសាលា និងសមិទ្ធផលនានាក្នុងវត្ត ពិធីបុណ្យផ្សេងៗ សរុបចំនួន ៣០៦លើក។ បច្ចុប្បន្នភាពមានអ្នកស្ម័គ្រចិត្តអនុសាខាក្រុង ស្រុក ទាំង១៣ ចំនួន ១,៧៧៦នាក់ ស្រី ៧៤៧នាក់ និងយុវជកាកបាទក្រហមកម្ពុជា ទាំង ៣២វិទ្យាល័យ មានចំនួន ៣,៣៧២នាក់ ស្រី ២,១៧៧នាក់ ក្នុងឆ្នាំ២០២២។
ក្នុងឱកាសនោះដែរលោក ប៉ាវ សុធីរ សមាជិកគណៈកម្មាធិការសាខា ទទួលបន្ទុកការងារយុវជន និងអ្នកស្ម័គ្រចិត្ត បានអានសារលិខិតទាំងស្រុងរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានខ្លឹមសារនិងអត្ថន័យយ៉ាងជ្រាលជ្រៅ ក្នុងទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ដ៏ប្រសើរថ្លៃថ្នានេះ ក្នុងព្រះបរមនាម ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស សូមថ្លែងការកោតសរសើរ និងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្មួយៗ ជាយុវជនកាកបាទក្រហមកម្ពុជា បង-ប្អូនជាអ្នកស្ម័គ្រចិត្តទាំងអស់ ដែលក្នុងគ្រប់កាលៈទេសៈ។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានពាំនាំនូវការប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និងឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធនានា បង-ប្អូនអ្នកស្ម័គ្រចិត្ត ក្មួយៗ ជាយុវជនកាកបាទ ក្រហមកម្ពុជាទាំងអស់ ដែលកំពុងបម្រើការងារផ្នែកមនុស្សធម៌នៅទូទាំងខេត្តព្រៃវែង។
ឯកឧត្តមឧកញ៉ា អនុប្រធានអចិន្ត្រៃយ៍ បានបន្ថែមទៀតថា ដើម្បីអបអរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ នេះ សាខាកាកបាទ ក្រហមកម្ពុជាខេត្ត តែងតែរៀបចំពិធីនេះធ្វើឡើងក្នុងគោលបំណង កោតសរសើរ និងថ្លែងអំណរគុណ ការខិតខំប្រឹងប្រែងរបស់ យុវជន និងអ្នកស្ម័គ្រចិត្តទាំងអស់ មិនមែនមានតែយុវជន និងអ្នកស្ម័គ្រកាកបាទក្រហមកម្ពុជាមួយទេ គឺគ្រប់ស្ថាប័ន អង្គការនានា ដែលបានបំពេញភារកិច្ចជួយដល់ជនរងគ្រោះ និងងាយរងគ្រោះបំផុត។
ឯកឧត្តមឧកញ៉ា បានបន្តទៀតថា អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាមិនត្រឹមមាននៅតាមសហគមន៍នោះទេ ថ្នាក់ដឹកនាំគណៈកម្មាធិការសាខា និងថ្នាក់ដឹកនាំគណៈកម្មាធិការអនុសាខាក្រុង ស្រុកទាំង១៣ ក៏ជាអ្នកស្ម័គ្រចិត្ត ដែលបានប្រឹងប្រែងទំាងកម្លាំងកាយចិត្ត និងចំណាយពេលវេលាផ្ទាល់ខ្លួនដោយមិនខ្លាចនឿយហត់ ដើម្បីចូលរួមការងារមនុស្សធម៌។
ក្នុងនោះដែរ ឯកឧត្តមឧកញ៉ា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានប្រគល់ប័ណ្ណសរសើរដល់អ្នកស្ម័គ្រចិត្ត និងប័ណ្ណសម្គាល់ខ្លួនយុវជន កក្រក