ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌដូនពេញ ចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់ចាស់ជរា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍-ជំងឺអេដស៍
ភ្នំពេញ៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌដូនពេញ ដឹកនាំដោយ លោក ជា ខេមា ប្រធានក្រុមការងារអនុសាខា នាល្ងាចថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២២នេះ បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ចាស់ជរា៤០គ្រួសារ ជនពិការ៨គ្រួសារ និងអ្នកផ្ទុកមេរោគអេដស៍-ជំងឺអេដស៍ ៧គ្រួសារ សរុបចំនួន៥៥គ្រួសារ ដែលមានជីវភាពខ្វះខាត បានជ្រើសរើសមកពីសង្កាត់ចំនួន១១ ក្នុងខណ្ឌ ។
នាឱកាសនោះ លោកប្រធានក្រុមការងារអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងបានគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។
ជាមួយគ្នានេះ លោកក៏សូមឱ្យគ្រួសារទាំងអស់យកចិត្តទុកដាក់ពីសុខភាពដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងបន្តអនុវត្តនូវវិធានការណ៍ការបង្ការ និងការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។
អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖ អង្ករ២៥គ.ក ទឹកសុីអុីវ១យួរ មី១កេស និងថវិកាចំនួន២០.០០០រៀល៕