Türkiye ចោទយន្តហោះក្រិកពីបទប៉ុនប៉ងរារាំងបេសកកម្មណាតូ
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែធ្នូថា ទួរគីយ៉េបាននិយាយកាលពីថ្ងៃសៅរ៍ថា យន្តហោះចម្បាំងរបស់ខ្លួនបានផ្តល់ “ការឆ្លើយតបចាំបាច់” ចំពោះការប៉ុនប៉ងរបស់យន្តហោះក្រិក ដើម្បី “រារាំង” បេសកកម្មទួរគី-ណាតូ នៅតំបន់ Aegean ។
ក្រសួងការពារជាតិទួរគីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យន្តហោះប្រយុទ្ធ និងគាំទ្រនៃកងទ័ពអាកាសរបស់យើង និងយន្តហោះ AWACS ដែលត្រូវបានចាត់តាំងដោយណាតូបានបំពេញបេសកកម្មហ្វឹកហាត់ NEXUS ACE នៅក្នុងដែនអាកាសអន្តរជាតិលើសមុទ្រ Aegean” ។
ក្រសួងបានបន្ថែមថា យន្តហោះក្រិកបានព្យាយាមរារាំងបេសកកម្មដែលត្រូវបាន “បញ្ចប់ដោយជោគជ័យ” បន្ទាប់ពីយន្តហោះទួរគីបានឆ្លើយតប។
ទំនាក់ទំនងរវាងប្រទេសទួរគី និងក្រិក ដែលជាសម្ព័ន្ធមិត្តរបស់អង្គការណាតូ មានការទាស់ទែងគ្នាជាយូរមកហើយលើបញ្ហាជាច្រើន រួមទាំងបញ្ហាជនជាតិភាគតិច និងអន្តោប្រវេសន៍ខុសច្បាប់ និងជម្លោះដែនសមុទ្រ និងថាមពលនៅសមុទ្រ Aegean និងសមុទ្រមេឌីទែរ៉ាណេ។
ដើម្បីស្វែងរកដំណោះស្រាយការទូតចំពោះបញ្ហាបែបនេះ ប្រទេសទាំងពីរបានចាប់ផ្តើមកិច្ចពិភាក្សាពិគ្រោះយោបល់របស់ពួកគេឡើងវិញនៅឆ្នាំ ២០២១ បន្ទាប់ពីបានសម្រាករយៈពេល ៥ ឆ្នាំ ប៉ុន្តែការសម្របសម្រួលត្រូវបានជាប់គាំងដោយសារតែភាពតានតឹងនាពេលថ្មីៗនេះរវាងភាគីទាំងពីរ។
កាលពីខែសីហា ទួរគីបានចោទប្រកាន់ក្រិកថាបានយាយីយន្តហោះទួរគីដែលកំពុងបំពេញបេសកកម្មរបស់អង្គការណាតូ ខណៈដែលក្រិកបានច្រានចោលការអះអាងនេះ។
ជុំវិញអ្វីដែលទីក្រុងអង់ការ៉ាហៅការបង្កើតយោធាលើកោះ Aegean របស់ក្រិកជាប់នឹងឆ្នេរសមុទ្រតួកគីក្នុងប៉ុន្មានខែថ្មីៗនេះ ប្រធានាធិបតីតួកគី Recep Tayyip Erdogan បានប្តេជ្ញាម្តងហើយម្តងទៀតនូវការឆ្លើយតបយោធា។
លោក Erdogan បានឲ្យដឹងនៅឯមហោស្រពបច្ចេកវិទ្យាពីលើអាកាសកាលពីដើមខែកញ្ញាថា “យើងអាចនឹងចុះមកភ្លាមៗនៅយប់មួយនៅពេលដែលពេលវេលាមកដល់” ។