សម្តេចក្រឡាហោម ស ខេង អញ្ជើញចូលរួមអបអរសាទរ ពិធីប្រគល់ពានរង្វាន់ សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម ជូនសម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមអបអរសាទរ ពិធីប្រគល់ពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន នៅវិមានសន្តិភាព។
ពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម ត្រូវបានប្រគល់ជូនពីកិច្ចប្រជុំកំពូលបច្ចេកវិទ្យានិងសេដ្ឋកិច្ចចិនសកល និងវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។
ការសម្រេចផ្តល់ពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ជូនសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឡើងបន្ទាប់ពីវិទ្យាស្ថាន បានសិក្សា និងវាយតម្លៃយ៉ាងល្អិតល្អន់ ទៅលើលក្ខណៈសម្បត្តិនៃការដឹកនាំ និងសមិទ្ធផលទាំងឡាយ ដែលកើតចេញពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ វិទ្យាស្ថាន បានកត់សម្គាល់ពីភាពប៉ិនប្រសព្វ ឈ្លាសវៃ និងពោរពេញដោយឆន្ទៈមនសិការ ភក្តីភាពយ៉ាងមុតមាំចំពោះជាតិ និងប្រជាជន ហើយបានធ្វើពលីកម្មដោយមិនចេះនឿយហត់ ដើម្បីនាំមកនូវសុខសន្តិភាព ភាពក្សេមក្សាន្ត វឌ្ឍនភាព ភាពរីកចម្រើន និងវិបុលភាពសម្រាប់ជាតិ និងប្រជាជាតិកម្ពុជា៕