លោកជំទាវ មិថុនា ភូថង គោរពអបអរសាទរ និងជូនពរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលពានរង្វាន់ សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក
ភ្នំពេញ៖ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង សូមគោរពអបអរសាទរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទទួលពានរង្វាន់ “សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក” ពីកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល និងវិទ្យាស្ថានយុទ្ធសាស្រ្តសម្រាប់អាស៊ីប៉ាស៊ីហ្វិក។
ការទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» គឺជាមហាកិត្តិយសដ៏ធំធេង សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល និងស័ក្តិសមបំផុត ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីដែលជា «បិតាស្ថាបនិកសន្តិភាព និងជាមេដឹកនាំដ៏ឆ្នើមបំផុតរបស់កម្ពុជា» ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ ព្រមទាំងបានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
ជាពិសេសការដឹកនាំបញ្ចប់សង្គ្រាមបង្ហូរឈាមនៅកម្ពុជា ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ, មានការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីពេញលេញ, មានការធានាឯករាជ្យ និងអធិបតេយ្យជាតិ, មានការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ព្រមទាំងធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងមានកិត្យានុភាពនៅលើឆាកអន្តរជាតិ។
វីរភាពដ៏ឧត្តុង្គឧត្តម និងពលិកម្មដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែបាននាំមកនូវសុខសន្តិភាព ដល់ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកដ៏សំខាន់ ក្នុងការកសាងសន្តិភាពសម្រាប់ប្រជាជាតិក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោកទាំងមូលផងដែរ៕