មេទ័ពជើងគោក ឧបត្ថម្ភអំណោយដល់គ្រួសារអតីតយុទ្ធជនពិការ ក្រីក្រ ជួបការលំបាក ២០គ្រួសារ នៅក្រុងកំពង់ឆ្នាំង
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំក្រុមការងារមនុស្សធម៌ និងក្រុមការងារយោធិននារីរបស់អង្គភាព សហការជាមួយអាជ្ញាធរក្រុង/ស្រុក កងកម្លាំងទាំង៣ប្រភេទ នាំយកអង្ករចំនួន ១៥០០គីឡូក្រាម ស័ង្កសី ៦០០សន្លឹក មី៤០កេះ ទឹកត្រី២០យួរ ទឹកស៊ីអ៊ីវ២០យួរ ត្រីខ២០យួរ មុង២០ ជែល១២០ដប រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ឧបត្ថម្ភដល់សមាជិកសមាគមអតីតយុទ្ធជនពិការ ក្រីក្រ ជួបការលំបាក ខ្វះទីលំនៅសមរម្យចំនួន ២០គ្រួសារ មកពីក្រុង/ស្រុកចំនួន៤ ក្នុងនោះមាន ក្រុងកំពង់ឆ្នាំង ស្រុករលាប្អៀរ ស្រុកបរិបូណ៌ និងស្រុកកំពង់លែង ។ ពិធីនេះក៏ការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាល អភិបាលរង ក្រុង/ស្រុកទាំង៤ផងដែរ ។
ស្ថិតក្នុងឱកាសនេះ ឯកឧត្តម មេបញ្ជាការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ព្រមទាំងបានបន្តថា ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន ទីណាមានបងប្អូនអតីតយុទ្ធជនជួបការលំបាក ឯកឧត្តម និងលោកជំទាវ តែងតែចាត់ចែងក្រុមការងារចុះទៅជួយឧបត្ថម្ភជានិច្ច ។
ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានបញ្ជាក់ទៀតថា បើគ្មានបងប្អូនអតីតយុទ្ធជន ចូលរួមលះបង់សាច់ស្រស់ឈាមស្រស់ ជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រី តស៊ូប្រយុទ្ធដើម្បីរំដោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ទេ ប្រទេសកម្ពុជាក៏ពុំមានសុខសន្តិភាពដូចសព្វថ្ងៃនេះដែរ ។
ក្រុមគ្រួសារបងប្អូនអតីតយុទ្ធជនទាំង២០គ្រួសារ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំង ឯកឧត្តម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្ត និងក្រុមការងារដែលបានយកចិត្ដទុកដាក់គិតគូរអំពីសុខទុក្ខរបស់អតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលជួបការលំបាក និងសូមគោរពជូនពរ ឯកឧត្តម លោកជំទាវ និងក្រុមការងារ សូមមានសុខភាពល្អ ប្រកបបាននូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕