ក្រសួងបរិស្ថាន និងអង្គការ NCR បើកវគ្គបណ្តុះបណ្តាលអប់រំបរិស្ថាន សម្រាប់មន្រ្តីរាជការស៊ីវិល នៃមន្ទីរបរិស្ថានទូទាំងរាជធានី/ខេត្ត
ភ្នំពេញ៖ ក្រសួងបរិស្ថាន សហការជាមួយអង្គការ Nature Center Risen (NCR) បានបើកវគ្គបណ្តុះបណ្តាលអប់រំបរិស្ថាន សម្រាប់មន្រ្តីរាជការស៊ីវិលនៃ មន្ទីរបរិស្ថានទូទាំងរាជធានី/ខេត្ត ដែលចែកចេញជា២វគ្គ៖ វគ្គទី១ ធ្វើនៅខេត្តព្រះស៊ីហនុ ចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២២ និងវគ្គទី២ ធ្វើនៅខេត្តបាត់ដំបង ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ដែលមានសិក្ខាកាមជាមន្រ្តីរាជការស៊ីវិលនៃមន្ទីរបរិស្ថាន ក្នុងគោលបំណង៖ (១) ពង្រឹងសមត្ថភាព និងការយល់ដឹងអំពីបញ្ហាបរិស្ថាន និង (២) វិធីសាស្ត្រ ឬបច្ចេកទេសក្នុងការអប់រំ និងបញ្រ្ជាបចំណេះដឹងបរិស្ថានដល់សាធារណជន ជាពិសេសកុមារតូចៗ ។
ក្រសួងបញ្ជាក់ថា ការបណ្តុះផ្នត់គំនិតស្រលាញ់ ការពារ និងអភិរក្សបរិស្ថាន និងធនធានធម្មជាតិ រួមជាមួយនឹងការកសាង និងអនុវត្តន៍នូវបទដ្ឋានគតិយុត្តិនានា គឺជាយុទ្ធសាស្ត្រមួយ ក្នុងការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ៕