ឯកឧត្តម ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើ ការងារអភិវឌ្ឍធនធានមនុស្ស
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារ អភិវឌ្ឍធនធានមនុស្សរបស់ក្រសួង ។
នាក្នុងជំនួបនេះឯកឧត្តមរដ្ឋមន្ត្រីបានដាក់ទិសដៅឱ្យនាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍធនធានមនុស្ស រៀបចំនីតិវិធីប្រកបដោយតម្លាភាពនិងប្រកាសបើកទូលាយដល់មន្ត្រីទាំងអស់ក្នុងការដាក់ពាក្យស្នើសុំទទួលមុខតំណែងដែលនៅទំនេរ ដើម្បីធានាប្រសិទ្ធភាព ប្រសិទ្ធផល និងនិរន្តរភាពការងារ។
ក្នុងពេលឆាប់ៗនេះ នាយកដ្ឋានបុគ្គលិកនឹងផ្សព្វផ្សាយអំពីលក្ខខណ្ឌ និងលក្ខណ:សម្បត្តិ សម្រាប់ការដាក់ពាក្យស្នើសុំទទួលមុខតំណែងដែលនឹងនៅទំនេរមួយចំនួន។ ក្រុមការងារក្រសួងនឹងពិនិត្យវាយតម្លៃលើពាក្យស្នើសុំ ដោយផ្អែកលើសមត្ថភាព និងលក្ខណ:សម្បត្តិដែលតម្រូវ ដើម្បីជ្រើសរើសបេក្ខជនដែលសក្តិសមបំផុតសម្រាប់មុខតំណែងនីមួយៗ។
ក្រសួងលើកទឹកចិត្តឱ្យមន្ត្រីទាំងអស់បន្តខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព បំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសម្រេចលទ្ធផលការងារកាន់តែល្អប្រសើរ ដើម្បីទទួលបានឱកាសការងារ និងចូលរួមចំណែកកាន់តែច្រើនថែមទៀតក្នុងការបន្តកសាង និងអភិវឌ្ឍប្រទេសជាតិ៕