ក្រសួងបរិស្ថាន រៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ផែនការសកម្មភាពអនុវត្តន៍យុទ្ធសាស្រ្ត អភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន និងប្រព័ន្ធត្រួតពិនិត្យតាមដាន និងវាយតម្លៃ NDC/LTS4CN
ភ្នំពេញ៖ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ក្រោមការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (CCCA3) បានរៀបចំ «សិក្ខាសាលាបណ្តុះបណ្តាលស្តីពី ផែនការសកម្មភាពអនុវត្តន៍យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូន និងប្រព័ន្ធត្រួតពិនិត្យ តាមដាន និងវាយតម្លៃ NDC/LTS4CN» ក្រោមការដឹកនាំ និងសម្របសម្រួលដោយ លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ តំណាង ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានទី២ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាព និងមានការចូលរួមពីថ្នាក់ដឹកនាំ-មន្រ្តីក្រសួងបរិស្ថាន លោក លោកស្រី ជាសមាជិកក្រុមការងារ បច្ចេកទេសប្រែប្រួលអាកាសធាតុ និងអ្នកពាក់ព័ន្ធ ជាច្រើនរូបទៀត។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងកិច្ចសហការ និងសមត្ថភាពអ្នកចូលរួមស្តីពីប្រព័ន្ធត្រួតពិនិត្យ តាមដាន និងវាយតម្លៃ NDC/ LTS4CN និងចូលរួមពិភាក្សាពីសូចនាករសំខាន់ៗ និងផ្សព្វផ្សាយផែនការ សកម្មភាពអនុវត្ត LTS4CN។
លោកបណ្ឌិត ហាក់ ម៉ៅ បានលើកឡើងពីបញ្ហាប្រឈមបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ដែលក្នុងនោះរួមការសិក្សាបែបវិទ្យាសាស្រ្ត និងភស្តុតាងនានានៃការប្រែប្រួលអាកាសធាតុ ក្នុងពេលថ្មីៗរួមមាន ទឹកជំនន់នៅប៉ាគីស្ថាន គ្រោះរាំងស្ងួតនៅអឺរ៉ុប និងទឹកជំនន់ថ្មីៗនៅកម្ពុជា ជាដើម។
លោកបណ្ឌិតបានលើកឡើងអំពីការប្តេជ្ញាចិត្ត និងមហិច្ឆតារបស់សហគមន៍អន្តរជាតិនាកិច្ចប្រជុំ COP27 ជាពិសេសតាមរយៈការបង្កើនហរិញ្ញប្បទានបន្ស៊ាំក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
លោកបណ្ឌិត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រលើកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដោយអនុលោមទៅតាម អនុសញ្ញា និងពិធីសារអន្តរជាតិដែល ចូលជាធរមាន។ យើងកំពុងត្រៀមរៀបចំបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្រ ឆ្លើយតបនឹងការប្រែប្រួល អាកាសធាតុកម្ពុជា និងផែនការជាតិបន្ស៊ាំ នាពេលខាងមុខ ហើយផែនការទាំងនេះត្រូវតែមានសង្គតិ ភាពជាមួយរបាយការណ៍ Updated NDC និង LTS4CN។
ប្រព័ន្ធត្រួតពិនិត្យ តាមដាន និងវាយតម្លៃ NDC/LTS4CN ដែលបានដាក់ឱ្យដំណើរការ គឺជាផ្នែកមួយ យ៉ាងសំខាន់នៃក្របខ័ណ្ឌតម្លាភាព ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពី ការប្រែប្រួលអាកាសធាតុ ហើយវាដើរតួយ៉ាងសំខាន់សម្រាប់រាយការណ៍អំពីវឌ្ឍនភាពរបស់ប្រទេសកម្ពុជា ហើយប្រព័ន្ធតាមដាន នេះបង្ហាញអំពីការទទួលខុសត្រូវច្បាស់លាស់របស់ក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្ត NDC ហើយត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ៕