កងទ័ពមួកខៀវកម្ពុជា នាំយកទឹកស្អាត ៤ពាន់លីត្រ ចែកជូនពលរដ្ឋ ១២០គ្រួសារ នៅអាហ្វ្រិកកណ្តាល
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ កងកម្លាំងមួកខៀវកម្ពុជា ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ចំនួន១៥នាក់ បាននាំយកទឹកស្អាតចំនួនចំនួន៤ពាន់លីត្រ ទៅចែកជូនប្រជាពលរដ្ឋក្រីក្រអាហ្វ្រិកកណ្តាលចំនួន១២០គ្រួសារ នៅតំបន់ប្រៀរ ដែលមានការខ្វះខាតទឹកស្អាតប្រើប្រាស់ ដឹកនាំដោយវរសេនីយ៍ឯក ស៊ឹម សំអៀត មេបញ្ជាការកងអនុសេនាធំសំណង់វិស្វកម្មលេខ៤៣២ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ នេះជាការបញ្ជាក់ ពីលោក វរសេនីយ៍ទោ ឡាំ ទេព មេបញ្ជាការរងកងអនុសេនាធំសំណង់វិស្វកម្ម។
លោក ឡាំ ទេព បានឱ្យដឹងទៀតថា ជារៀងខែកងកម្លាំងមួកខៀវកម្ពុជា ក្នុងបេសកកម្មនៅក្នុងប្រទេសនេះ តែងតែចុះចែកទឹកស្អាតដល់ប្រជាពលរដ្ឋអាហ្រ្វិកកណ្តាល ដោយសម្លឹងឃើញថា ពួកគាត់មិនមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងមានការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
ក្នុងដំណើរចុះចែកទឹកស្អាតខាងលើនេះ វរសេនីយ៍ឯក ស៊ឹម សំអៀត បាននាំយកថវិកាចំនួន៥០០០០Cf និងផ្លែឈើ ទៅចែកជូនពលរដ្ឋចាស់ជរាចំនួន៥នាក់ដែលកំពុងមានជម្ងឺប្រចាំកាយ ដើម្បីជាការងារទំនាក់ទំនងល្អរវាងកម្លាំងMinuscaនិងប្រជាជននៅក្នុងតំបន់ ៕