អគ្គនាយករង ប.ស.ស ចូលរួមកិច្ចប្រជុំពិភាក្សាដើម្បីពិនិត្យលើវឌ្ឍនភាព និងការរៀបចំផែនការសកម្មភាព ក្នុងការអនុវត្តគម្រោងសាកល្បង SPIN
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារបច្ចេកទេសគម្រោង SPIN តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងអង្គការហ្គេ្រត អំពីវឌ្ឍនភាព និងការរៀបចំផែនការសកម្មភាពក្នុងការអនុវត្តគម្រោងសាកល្បង SPIN ។
ក្នុងកិច្ចប្រជុំនេះ ភាគីពាក់ព័ន្ធបានពិភាក្សា និងពិនិត្យអំពីវឌ្ឍនភាពនៃការអនុវត្តលើគម្រោង SPIN តាមរយៈការពិនិត្យអំពីនីតិវិធី ការចុះបញ្ជិកា និងបង់ភាគទានរបស់អ្នកបើកម៉ូតូរ៉ឺម៉កនៅរាជធានីភ្នំពេញ និងការលើកឡើងអំពីធាតុសំខាន់ៗសម្រាប់ធ្វើការវាយតម្លៃចុងក្រោយ ដែលនឹងត្រូវអនុវត្តនៅដើមឆ្នាំ២០២៣ ព្រមទាំងការស្ទង់មតិការពេញចិត្តចំពោះអត្ថគាហក និងរៀបចំសិក្ខាសាលាបិទគម្រោងដើម្បីចែករំលែកបទពិសោធន៍ដែលទទួលបានពីការអនុវត្តគម្រោងសាកល្បង SPIN ជាមួយដៃគូពាក់ព័ន្ធ។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិភាក្សាខាងលើប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. ស្នាក់ការកណ្តាល រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃ ប.ស.ស. ព្រមទាំងតំណាងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) និងអង្គការហ្រ្គេត (GRET)។